បណ្តាញសង្គម

ម៉ោង​៨​យប់ លោក​បណ្ឌិត សុខ ទូច ចាប់​បាន​រថយន្ត​(​ខ​.​ម​) ដឹកឈើ​ចេញពី​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះវីដេអូ និងសរសេរថា «នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ រូបលោកផ្ទាល់ និងក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានចាប់រថយន្ត១គ្រឿង ដែលពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដែលបានដឹកឈើប្រភេទផ្ចិក នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ។

នាពេលនេះ ក្រុមការងារបានយកនាំយករថយន្តខាងលើ ដែលជាវត្ថុតាង មករក្សាទុកនៅទីស្នាក់ការឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ។ កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ រយៈពេលពេញមួយយប់ ក្រុមការងាររបស់លោក បានតាមចាប់អ្នកប្រព្រឹត្តបទល្មើសព្រៃឈើ បានទាំងរណា ទាំងគោយន្ត និងឈើ ដែលត្រូវបានកាប់សរុបមានចំនួន៣គោយន្ត ដោយយកវត្ថុតាងទាំងនេះ បញ្ជូនមករក្សាទុកនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីឱ្យអ្នកប្រព្រឹត្តបទល្មើសទាំងនេះរាងចាល ។

សូមជម្រាបថា លោកបណ្ឌិត សុខ ទូច ធ្លាប់បានប្រកាសកាលពីព្រឹកថ្ងៃទី២៤ មករា ២០២១ អោយដឹងថា ការអត់ធ្មត់របស់លោកត្រូវបានបញ្ចប់ហើយ ការអនុគ្រោះដល់ពួកគាត់ជាច្រើនលើកច្រើនសារមកហើយ ស្របពេលដែលការអប់រំក៏ត្រូវបានធ្វើឡើងអស់រយៈពេល២ឆ្នាំមកហើយ ចំណែកឯការបង្កើតមុខរបរផ្សេងទៀត ក៏យើងបានផ្ដល់ទៅដល់គាត់ផងដែរ ប៉ុន្តែពួកគាត់នៅតែបន្តកាប់បំផ្លាញព្រៃឈើ ក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបន្តទៀត ។

តើយើងអភិរក្សដើម្បីអ្នកណា ? គឺដើម្បីគាត់និងកូនចៅជំនាន់ក្រោយរបស់គាត់ ចុះហេតុអ្វីបានជាគាត់នៅតែបន្តកាប់បំផ្លាញយ៉ាងដូច្នេះ ? គួររម្លឹកថា លោកបណ្ឌិត សុខ ទូច ទ្រាំជាមួយអ្នកកាប់ឈើក្នុងឧទ្យានជាតិតេជោសែនឫស្សីត្រឹប លែងបានហើយ! ៕

ដកស្រង់ពី៖កោះសន្តិភាព