បណ្តាញសង្គម

ស្អែក​នេះ​តុលាការ​បន្ត​ជំនុំជម្រះ​សំណុំរឿង រ៉ុ​ង ឈុ​ន និង​បក្ខពួក​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន

រាជធានីភ្នំពេញ ៖ ព្រឹកស្អែកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើមិនមានការកែប្រែទេ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿង រ៉ុង ឈុន និងបក្ខពួកពាក់ព័ន្ធពីបទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាបទល្មើសមានចែងតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម មកបើកសវនាការជំនុំជម្រះម្តងរួចហើយ និងក្រោយពីការសាកសួរដេញដោលអស់ពេលជាច្រើនម៉ោង នឹងចប់ម៉ោងរដ្ឋបាល ប្រធានក្រុមប្រឹក្សាបានលើកពេលបន្តសវនាការមកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែនេះ ។

សវនាការលើមុននោះមានជនត្រូវចោទចំនួន៤នាក់ ត្រូវបាននាំមកឈរមុខរង្វង់ក្រចកសេះ ដើម្បីឲ្យអង្គសវនាការធ្វើការសាកសួរដេញដោល។ សវនាការនេះដឹកនាំដោយលោក លិ សុខា ចៅក្រមជំនុំជម្រះ និងតំណាងអយ្យការគឺលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទ៤ នាក់នោះមាន ១.លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ២.លោក សួង សុភណ្ឌ ប្រធានគណៈបក្សខ្មែរ, ៣.លោក តុល និមល និង៤.អ្នកស្រី ស កណិការ។ ដែលជនត្រូវចោទសុទ្ធតែមានមេធាវីការពារក្តីរៀងខ្លួន ហើយក៏មានការចូល រួមតាមដានពីសំណាក់តំណាងអង្គទូត និងអង្គការសង្គមស៊ីវិលប្រមាណ១៥នាក់ និងអ្នកសារព័ត៌មាន៥ នាក់ ផងដែរ។

សូមបញ្ជក់ទៀតថា លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងភ្នំពេញចាប់ខ្លួននៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះ លោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជុំវិញទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្ដល់បទសម្ភាសន៍តាមវិទ្យុមួយ នៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់នេះថា រូបលោកបានចែករំលែកព័ត៌មានមិនពិត តាមរយៈសេចក្ដីថ្លែងការណ៍ជាសាធារណៈមួយ កាលពីសប្ដាហ៍មុនពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្ដោយព្រំដែន៕

ដកស្រង់ពី៖កោះសន្តិភាព