បណ្តាញសង្គម

ក្មេង​ស្រី​​ពល​ការិនី ត្រូវ​ស្ត្រី​ម្ចាស់ផ្ទះ​វាយ​និង​កាត់​ស្លឹកត្រចៀក ត្រឡប់​មក​ដល់​កម្ពុជា​ហើយ

រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានផ្ដល់ព័ត៌មានផ្លូវការនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឲ្យដឹងថា ក្មេងស្រីខ្មែរឥស្លាម បម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីរងគ្រោះ ដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានជួយសង្គ្រោះ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជាវិញហើយ កាលពីវេលាម៉ោង១៧ និង៤៥នាទីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរី ។

ពលការិនីរងគ្រោះ ដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ត្រូវបានអាជ្ញាធរខ្មែរ សហការជាមួយអាជ្ញាធរម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតព្រះរាជាណាចក្រណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជួយអន្តរាគមន៍សង្គ្រោះដោយជោគជ័យ និងបានបញ្ជូនត្រឡប់មកដល់កម្ពុជាហើយ ។

បច្ចុប្បន្នរូបនាងកំពុងអនុវត្តវិធានចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ ។ សូមរម្លឹកថា ប៉ូលិសកម្ពុជា និងម៉ាឡេស៊ី រំដោះក្មេងស្រីខ្មែរម្នាក់ ត្រូវស្ត្រីម្ចាស់ផ្ទះវាយនិងកាត់ស្លឹកត្រចៀក ដែលទៅបម្រើតាមផ្ទះនៅប្រទេសម៉ាឡេស៊ី(រយៈពេល៤ឆ្នាំ) ត្រូវស្ត្រីម្ចាស់ផ្ទះធ្វើទារុណកម្ម និងកាត់ស្លឹកត្រចៀកយ៉ាងព្រៃផ្សៃ ។

ក្រោយពីមានការចែករំលែក ករណីហិង្សាខាងលើនេះនៅលើបណ្ដាញសង្គម មន្ត្រីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវតាមជំនាញ និងជួយអន្តរាគមន៍ជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃកម្ពុជា ក្រោមការសម្របសម្រួលពីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ករណីនេះសមត្ថកិច្ចម៉ាឡេស៊ី កំពុងស៊ើបអង្កេត ដើម្បីមានចំណាត់ការបន្ត លើជនដៃដល់ ។

ចំណែកជនរងគ្រោះ បន្ទាប់ពីព្យាបាលជាសះស្បើយពីរបួស មន្ត្រីស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី នឹងរៀបចំសម្របសម្រួលឲ្យវិលត្រឡប់មកកម្ពុជាវិញ ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានសង្កត់ធ្ងន់ថា កម្លាំងជំនាញរបស់នាយកដ្ឋាន បាននិងកំពុងសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យជាមេខ្យល់ ដែលនាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ឃាត់ខ្លួនមេខ្យល់នោះ យកមកផ្ដន្ទាទោសតាមច្បាប់ ៕

 

ដកស្រង់ពី៖កោះសន្តិភាព