បណ្តាញសង្គម

​សារភាពថា៖​ក្រុមខ្លួនមាន​​រហស្ស​នាម​​​«ហុង​​កុង​ធី​អឹម»​​​

ខេត្តបន្ទាយមានជ័យ ៖ ក្រុមយុវជនស្ទាវដែលមានរហស្សនាម«ហុងកុងធីអឹម»ប្រមាណ១៥នាក់ប្រដាប់ដោយដំបង កាំបិត ពូថៅ បានព្រួតវាយប្រហារក្រុមមួយទៀតបណ្តាលឲ្យរងរបួស៣នាក់ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចចាប់បាន២នាក់បញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។

វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនបង្ករបួសស្នាមដែលត្រូវចាប់ខ្លួនបាន២នាក់នេះ ម្នាក់ឈ្មោះ អាំង ពុយរាំង ហៅបារាំង ភេទប្រុស អាយុ១៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ហេង សៀងហៃ ភេទប្រុស អាយុ១៥ឆ្នាំ ។

ទាំង២នាក់រស់នៅភូមិតារាងបាល់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។ លោកមេបញ្ជាការឲ្យដឹងទៀតថា ចំណែកក្មេងប្រុស៣នាក់ដែលរងរបួសនៅក្នុងអំពើ ហិង្សានេះ សុទ្ធតែមានទីលំនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមមាន ៖ ១-ឈ្មោះ សី ចំរើន អាយុ១៦ឆ្នាំ ២-ឈ្មោះ ឡុង ច័ន្ទចេស្តា អាយុ១៨ឆ្នាំ ៣-ឈ្មោះ ហេង ចំណាន អាយុ១៧ឆ្នាំ ។

ពួកគេទាំង៣នាក់ក្នុងចំណោម៤ទៅ៥នាក់បានត្រូវក្រុមដែលមានរហស្សនាមថា«ហុងកុងធីអឹម»ព្រួតគ្នាវាយនិងកាប់ ខណៈកំពុងហូបនំចំណីនៅផ្សាររាត្រី ក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណកាលពីវេលាម៉ោងប្រមាណ១១និង១០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ។

វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ ថ្លែងថាក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ សមត្ថកិច្ចបានចុះស្រាវជ្រាវហើយឃាត់ខ្លួនជនសង្ស័យជាក្មេងស្ទាវដែលជាជនដៃដល់ចំនួន២នាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅភូមិតារាងបាល់ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ នាំទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។ ជនសង្ស័យសាភាពថា ពួកខ្លួនជាក្រុម«ហុងកុងធីអឹម» ហើយពិតជាបានធ្វើសកម្មភាពវាយនិងកាប់ជនរងគ្រោះមែន ៕

ដកស្រង់ពី៖កោះសន្តិភាព