បណ្តាញសង្គម

ក្មេងទំនើង ២៨នាក់ លាក់ដាវ និងកាំបិត ត្រូវសមត្ថកិច្ច ​ចាប់

ភ្នំពេញ៖ ក្មេងទំនើង ចំនួន ២៨នាក់ ជិះម៉ូតូ ១២គ្រឿង នាំគ្នាលាក់ដាវ កាំបិត ជំពាមកៅស៊ូត្រូវបានកំលាំងសមត្ថកិច្ចនគរបាល ៣ប៉ុស្តិ៍ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ១២ និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខការាស់សាំង លីមឡុង ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូរបស់ក្មេងទំនើងទាំងនោះ មានចំនួន ១៣គ្រឿង និងវត្ថុតាង រួមមាន ដាវកែឆ្នៃចំនួន ៥ដើម កាំបិតប័ងតោចំនួន១ និងជំពាមកៅស៊ូចំនួន១។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទាំង៣ មាន ប៉ុស្តិ៍នគរបាលចោមចៅទី១ ចោមចៅទី២ និងចោមចៅទី៣ បានអោយដឹងថា នៅមុនពេលកំលាំងសមត្ថកិច្ច ចុះប្រតិបត្តិការ ក្នុងករណីឃាត់ក្មេងទំនើងខាងលើ មានប្រជាពលរដ្ឋម្នាក់ បានរាយការណ៍ទៅកំលាំងសមត្ថកិច្ចនគរបាលខណ្ឌ ដើម្បីចុះមកកន្លែងកើតហេតុ ឃើញយុវជនមួយក្រុម បានតំរៀបម៉ូតូជាច្រើនគ្រឿង តាមផ្លូវ ក៏មានការសង្ស័យ ព្រោះកន្លងមក ប្រជាពលរដ្ឋតែងឃើញយុវជនក្មេងទំនើង អូសដាវ នៅចំណុចកើតហេតុ ជារៀងរាល់ថ្ងៃ ដែលបង្កអសន្តិសុខតាមផ្លូវសាធារណៈ និងបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋ ភ័យខ្លាចយ៉ាងខ្លាំង។

ប្រភពព័ត៌មាន បន្តទៀតថា ខណៈពេលទទួលដំណឹងភ្លាមៗនោះ កំលាំងនគរបាលប៉ុស្តិ៍ ទាំង៣ បានសហការគ្នា មកឆែកឆេរនៅចំណុចកើតហេតុ ឃើញក្មេងទំនើងទាំងនោះ បានលាក់ដាវ ក្នុងប្រឡាយទឹក មុខការាស់សាំង ខាងក្រោយម៉ូតូ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំតែម្តង។

ក្រោយកើតហេតុ ក្មេងទំនើងខាងលើ រួមទាំងវត្ថុតាង ត្រូវបានកំលាំងនគរបាលប៉ុស្តិ៍ទាំង៣ បានឃាត់ នាំយកទៅផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព