បណ្តាញសង្គម

ជនសង្ស័យ​២​នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​ប៉ុនប៉ង​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណៈចេញល្បាតពួនស្ទាក់បទល្មើសនៅក្នុងក្នុងភូមិសាស្ត្រសង្កាត់ដង្កោ នាវេលាជិតភ្លឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ដែលប៉ុនប៉ងគាស់ផ្ទះលួចទ្រព្យសម្បត្តិនៅក្នុងបុរី២ទីតាំងផ្សេងពីគ្នា ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ជននេះត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង០៤ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅភូមិក្នុងម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀន០១កញ្ចប់តម្លៃ១០ដុល្លារ,មេសោសូឡិចចំនួន០១, និងកូនសោសូឡិចចំនួន០៣។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅវេលាម៉ោងខាងលើកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ អនុវត្តបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បាន ចេញល្បាតពួនស្ទាក់បទល្មើសក្នុងភូមិសាស្ត្រសង្កាត់ដង្កោ។

លុះពេលទៅដល់ចំណុចបុរី លឹម ឈាងហាក់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ក៏បានឃើញជនសង្ស័យឈ្មោះ ម៉ៅ ទិត្យ កំពុងបើកទ្វារសំណាញ់ខាងក្រៅ ដើរចូលទៅខាងក្នុងបរិវេណផ្ទះមួយកន្លែងរួចទាញគន្លឹះទ្វារផ្ទះនោះបម្រុងចូលលួចទ្រព្យសម្បត្តិ ហើយក៏ត្រូវបានកម្លាំងធ្វើការឃាត់ខ្លួន ធ្វើការឆែកឆេររកឃើញវត្ថុតាងខាងលើនៅជាប់ខ្លួនទើបនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍តែម្ដង។

ប្រភពខាងលើបានបន្ថែមទៀតថា ដោយឡែកជនសង្ស័យទី២ ឈ្មោះ ឈៀង ម៉ី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅការដ្ឋានសំណង់បុរី ហុក ឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។

ជននេះក៏ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង០៤ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ដំណាលគ្នានោះដែរ ខណៈល្បាតប្រទះឃើញកំពុងធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះល្វែងកំពុងសាងសង់មួយកន្លែង នៅក្នុងបុរី ហុក ឆេង ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនកម្លាំងនគរបាលដកហូតបាន កូនសោម៉ូតូ១,ឧបករណ៍សម្រាប់ឆ្កឹះមេសោចំនួន០២ បន្ទាប់មកបាននាំទៅធ្វើការសាកសួរ នៅអធិការដ្ឋានខណ្ឌដង្កោជាមួយជនទី១ដែរ ហើយជនសង្ស័យទាំង២នាក់នេះបានសារភាពថា ពិតជាប៉ុនប៉ងធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិមែនប៉ុន តែពុំទាន់បានសម្រេចផងត្រូវនគរបាលចាប់ខ្លួន។

បន្ទាប់ពីបានសាកសួរ និងទទួលបានចម្លើយសារភាពហើយកម្លាំងនគរបានខណ្ឌដង្កបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព