បណ្តាញសង្គម

សូម​ប្រយ័ត្ន​ ល្បិច​បោក​​! សុំ​រាប់អាន និង​ស្រឡាញ់ ផ្ញើ​ឥ​វ៉ា​ន់​ឲ្យ​ពី​ក្រៅប្រទេស

រាជធានីភ្នំពេញ ៖ បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានអោយដឹងនៅថ្ងៃ០៨ កុម្ភៈ នេះថា ល្បិចថ្មីទៀតហើយ! សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ចំពោះការចាញ់បោកតាមរយៈការរាប់អាន សុំស្រឡាញ់ ហើយផ្ញើឥវ៉ាន់សម្ភារពីក្រៅប្រទេស ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិនីហ្សេរីយ៉ា ២នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមឆាតហ្វេសប៊ុក ។

ករណីឆបោកខាងលើនេះ កើតឡើងកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមមាន ៖ ទី១-ឈ្មោះ KINGSLEY OBINNA NWEAZURA ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី២-ឈ្មោះ EMMA EKE ONYECHERE ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅក្នុងរាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី ។

ប្រតិបត្តិការបង្ក្រាបករណីឆបោកប្រាក់តាមបណ្តាញទូរគមនាគមន៍នេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ទើបកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បើតាមប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់តាមមធ្យោបាយបច្ចេកវិទ្យាព័ត៌មាន និងសូមកុំទទួលមិត្តភក្តិ ( Accept Friend) ដែលមិនមានប្រភពច្បាស់លាស់ ឬកុំជឿតាមការលួងលោម ឬសន្យាថា នឹងអោយរបស់នេះ ឬផ្ញើសម្ភារនោះ ឬកាដូពីក្រៅប្រទេសនោះឡើយ ព្រោះធ្វើអោយជនរងគ្រោះចាញ់បោក តាមរយៈតម្រូវអោយជួយបង់ថ្លៃសេវាផ្សេងៗ សម្រាប់ការដឹកជញ្ជូន ៕

ដកស្រង់ពី៖កោះសន្តិភាព