បណ្តាញសង្គម

ក្រុម​ចោរ​បិទ​មុខ​ចូល​​ប្លន់​​​លុយ​ពី​ស្ត្រី​​ពិការ​ម្នាក់​ ​សួររកលុយ​ច្បាស់​​​​ចែស?

ខេត្តបាត់ដំបង ៖ ក្រុមចោរដែលគេអះអាងថា មានបក្សពួកចំនួន០៣នាក់ បានធ្វើសកម្មភាពប្លន់ស្ត្រីពិការជើងម្នាក់ ពេលគាត់កំពុងអង្គុយនៅក្រោយផ្ទះម្នាក់ឯង នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី០៧ កុម្ភៈ នៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ដោយបានសួររកលុយចំនួន០២លានរៀល ដែលកូនគាត់ទើបលក់គោ តែក្រុមចោរបានប្លន់យកលុយដែលគាត់ខំសន្សំទុកចំនួន៥,០០០បាត ជាលុយកូនរបស់គាត់ផ្ទើពីប្រទេសថៃ ទុកគ្រាន់ឲ្យគាត់ចាយវាយ។

ស្ត្រីរងគ្រោះឈ្មោះ រស់ ច្រិប អាយុ៦៥ឆ្នាំ (ពិការជើងម្ខាង) បានទៅស្នាក់នៅជាមួយកូនស្រីឈ្មោះ សាំង ថន នៅភូមិ ឃុំកើតហេតុខាងលើ។ ស្ត្រីរងគ្រោះ ត្រូវក្រុមចោរបិទមុខចូលទៅប្លន់គាត់យកលុយ ពេលដែលគាត់កំពុងអង្គុយនៅក្រោមផ្ទះម្នាក់ឯង រីឯកូនចៅរបស់គាត់ទៅឯចំការ ។ បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរបិទមុខនោះ មានបក្សពួកចំនួន០២នាក់។

ប៉ុន្តែជនរងគ្រោះ បានប្រាប់កោះសន្តិភាពដោយផ្ទាល់ថា ក្រុមចោរទាំងនោះសុទ្ធតែបិទមុខ ហើយមានគ្នាចំនួន០៣នាក់។ ក្នុងនោះ មានម្នាក់ឈរចាំម៉ូតូ រីឯចំនួន០២នាក់ទៀត បានចូលមកប្លន់គាត់ ដែលកំពុងអង្គុយក្រោមផ្ទះម្នាក់ឯង។

ស្ត្រីរងគ្រោះឈ្មោះ រស់ ច្រិប បាននិយាយថា «ក្រុមចោរបានជិះម៉ូតូមកឈប់នៅខាងក្រោយផ្ទះគាត់ប្រហែលជាង២០ម៉ រួចគ្នាវា០២នាក់បានដើរចូលមក រីឯម្នាក់ទៀតនៅចាំម៉ូតូ។ ពួកវាសុទ្ធតែបិទមុខ បានដើរមកចាប់ដៃខ្ញុំ «រួចសួរនាំរកលុយដែលកូនខ្ញុំទើបលក់គោ ដែលអ្នកទិញទើបយកមកឲ្យបន្ថែមចំនួន២លានរៀល»។

គាត់បានបន្តថា ពេលពួកវាដើរចូលមកដល់វាសួរថា តើលុយលក់គោដែលគេទើបយកមកឲ្យថ្ងៃ មិញនៅឯណា ?ពេលនោះ គាត់បានប្រាប់លោកចោរថា «ខ្ញុំគ្មានលុយទេ លុយលក់គោនោះជាលុយកូនខ្ញុំទេ។ ពួកវាបានទះកំផ្លៀងខ្ញុំ០២ដៃ រួចលូកយកលុយក្នុងហោប៉ៅអាវខ្ញុំ អស់ចំនួន៥,០០០បាត ដែលជាលុយកូនផ្ញើពីថៃ មកឲ្យទុកគ្រាន់ចាយ»។

គាត់បានបញ្ជាក់ថា ក្រោយប្លន់បានលុយ ពួកចោរបាននាំគ្នារត់ឡើងម៉ូតូជិះចេញទៅបាត់ ហើយគាត់ក៏ទូរស័ព្ទប្រាប់កូនៗនៅចំការឲ្យមកជួយភ្លាមៗដែរ។កូនស្រីរបស់គាត់ឈ្មោះ សាំង ថន បាននិយាយថា ពេលកើតហេតុ គឺ ពួកគាត់កំពុងនៅចំការ លុះទទូលបានដំណឹងនេះ ពួកគាត់ក៏នាំគ្នាមកផ្ទះ តែក្រុមចោរបានចេញផុតអស់ទៅហើយ។

ពាក់ព័ន្ធនឹងលុយលក់គោដែលពួកចោរសួររក អ្នកស្រីសាំង ថន បានប្រាប់ថា តាមពិតគាត់បានលក់គោ១ក្បាល តំលៃ២,៥លានរៀល កាលពីថ្ងៃទី២៧ មករា។ អ្នកទិញបានកក់លុយមុនចំនួន៥០ម៉ឺនរៀល លុះនៅថ្ងៃទី០៧ កុម្ភៈ ទើបអ្នកទិញយកលុយចំនួន២លានរៀលទៀតមកឲ្យបង្គ្រប់ ។ ប៉ុន្តែក្រោយអ្នកទិញគោយកលុយមកបន្ថែម២លានរៀល ស្រាប់តែនៅយប់ថ្ងៃដដែល ត្រូវចោរតាមមកប្លន់លុយចំនួន០២លាននេះពីម្ដាយគាត់។

ក្រុមចោរហាក់ដូចជាដឹងរឿងនេះច្បាស់ណាស់ ហើយតាមដានលុយលក់គោនេះរហូតតែម្ដង។ជុំវិញករណីក្រុមចោរបិទមុខប្លន់ស្ត្រីពិការជើងខាងលើនេះ បើតាមសាក្សីនៅក្បែរនោះ បាននិយាយថា មុនកើតហេតុ គេឃើញជន៣នាក់បានជិះម៉ូតូតាមផ្លូវលំពីទិសខាងត្បូង តែគេមិនបានដឹងថា ជាក្រុមចោរប្លន់ទេ។

ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែឮថា មានចោរចូលប្លន់ស្ត្រីពិការខាងលើ ទើបមានការភ្ញាក់ផ្អើល ហើយដាក់ការសង្ស័យទៅលើជន៣នាក់ដែលជិះម៉ូតូនោះ។ អ្នកភូមិបានដាក់ការសង្ស័យថា ជនល្មើសអាចដឹងយ៉ាងច្បាស់ពីរឿងគ្រួសាររងគ្រោះលក់គោ១ក្បាល់នេះ។ ក្រុមចោរហាក់បានដឹងយ៉ាងច្បាស់ថែមទៀត នៅចំថ្ងៃដែលអ្នកទិញគោយកលុយចំនួន២លានរៀលមកឲ្យម្ចាស់គោ លុះយប់ឡើងក៏នាំគ្នាមកប្លន់តែម្ដង។ បើតាមសមាសភាពក្រុមចោរនេះ អាចជាក្រុមចោរនៅក្នុងមូលដ្ឋាន ហើយអាចជាពួកញៀនថ្នាំទៀតផង។

ព្រោះនៅតំបន់នោះសព្វថ្ងៃពោពេញទៅដោយបទល្មើសគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេងពេញភូមិតែម្ដង។លោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ ហាក់មិនទាន់ធ្វើការសន្និដ្ឋានយ៉ាងណាទេ ជុំវិញសមាសភាពក្រុមចោរបិតមុខចូលប្លន់ស្ត្រីពិការខាងលើនេះ។ ប៉ុន្តែលោកអធិការគ្រាន់តែបានប្រាប់ថា បើតាមសេចក្ដីរាយការណ៏បឋម ក្រុមចោរខាងលើនេះ ហាក់ធ្វើសកម្មភាពស្រដៀងគ្នា និង សកម្មភាពក្រុមចោរសាំមូរ៉ៃ ដែលប្លន់អ្នកលក់នំស្រូយ នៅឃុំឈើទាល កាលពីជាង១០ថ្ងៃមុននេះ។

ទោះយ៉ាងណា លោក ប៉ាន់ វ៉ាន់នី បានបញ្ជាក់ថា លោកថោង ថិន អធិការរង បានដឹកនាំកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុហើយ ដើម្បីសួរនាំជនរងគ្រោះនិងសាក្សីនានា។សូមរំលឺកថា នៅក្នុងស្រុកបាណន់ គ្រាន់តែរយះពេលជាង១០ថ្ងៃ អំពើប្លន់តាមលំនៅឋាន បានកើតឡើងចំនួន០២លើកផ្ទូនៗ ដែលសមាសភាពជនល្មើសហាក់ស្រដៀងគ្នា បិតមុខ និង ចំនួន០៣នាក់ដូចគ្នា។

កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ មករា កន្លងទៅថ្មីៗកន្លងទៅនេះ ក្រុមចោរបិតមុខ ពាក់មួកសុវត្ថិភាព ពាក់ស្រោមដៃ និង មានកាន់ដាវសាំមូរ៉ៃគ្រប់ៗគ្នាផង បានធ្វើសកម្មភាពប្លន់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលកំពុងធ្វើនំស្រូយលក់ នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។កាលនោះ ក្រុមចោរដាវសាំមូរ៉ៃ បានគំរាមរកកាប់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បើមិនព្រមឲ្យលុយពួកគេចាយខ្លះ។

ព្រោះតែភ័យរន្ធត់នឹងការគំរាមរបស់ពួកចោរ ជនរងគ្រោះក៏បានឡើងលើផ្ទះយកលុយដែលខ្លួនខំសន្សំទុកសម្រាប់ប្រពន្ធឆ្លងទន្លេ ចំនួន១,៧លានរៀល ប្រគល់ទៅឲ្យលោកចោរ ហើយពួកចោរក៏គេចខ្លួនបាត់ស្រមោលភ្លាមរំពេចដូចនិនចារ ឆក់ដោយទាំងទូរស័ព្ទជនរង១គ្រឿងទៅទៀតផង។

ខណៈដែលមុខសញ្ញាក្រុមចោរដាវសាំមូរ៉ៃប្លន់ អ្នកលក់នំស្រូយ មិនទាន់មានតម្រុយប៉ុនក្រចកដៃផង ស្រាប់តែលេចមុខក្រុមចោរបិតមុខចំនួន០៣ទៀត ស្រដៀងគ្នានេះ ចេញធ្វើសកម្មភាពប្លន់ស្ត្រីពិការ នៅភូមិបឹងក្រសាល ឃុំស្នឹង ទៀតដែលជាបន្ទុកដ៏ធ្ងន់ធ្ងរ សម្រាប់សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកមុខក្រុមចោរប្លន់ទាំងនោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់វាយតំលៃអំពីស្ថានការណ៏ នៃអំពើប្លន់ខាងលើនេះថា បែបណានៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចកំពុង នៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវនៅឡើយ៕

ដកស្រង់ពី៖កោះសន្តិភាព