បណ្តាញសង្គម

នារី​ម្នាក់​ផ្សាយ​វី​ដេ​អូ​លក់​ឡេ​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​! សមត្ថកិច្ច​កោះហៅ​មក​អប់រំ

រាជធានីភ្នំពេញ ៖ នារីម្នាក់ផ្សាយផ្ទាល់តាមហ្វេសប៊ុក លក់ផលិតផលពង្រីកសុដ.ន់បណ្តើរ ធ្វើកាយវិការច្របាច់សុដ.ន់បណ្តើរ បង្ហាញភាពមិនសមរម្យជ្រុល និងប្រើប្រាស់ពាក្យសម្តីអសីលធម៌ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ត្រូវបានសមត្ថកិច្ចកោះហៅមកបំភ្លឺ និងធ្វើកិច្ចសន្យា សុំទោសជាសាធារណៈ ។

សមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសបុក ដែលមានឈ្មោះ J No Cosmetic និងមានម្ចាស់ឈ្មោះ ម៉ឹង ស្រីនួន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរអ្នកលក់អនឡាញ អាស័យដ្ឋានបន្ទប់ជួល ក្រុមទី៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឡាយលក់ផលិតផល ចូលខ្លួនមកបំភ្លឺ នៅវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីឈ្មោះ ម៉ឹង ស្រីនួន បានទទួលស្គាល់ កំហុសដែលខ្លួនបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរទូទៅ ម្ចាស់គណនីរូបនេះ បានចូលខ្លួនមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ជាពិសេសស្ត្រីខ្មែរទូទៅ និងបានធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពឡាយ វីដេអូបញ្ចេញរូបភាព កាយវិកា និងពាក្យសម្តីមិនសមរម្យទៀតហើយ ។

ជាចុងបញ្ចប់ស្ត្រីឈ្មោះ ម៉ឹង ស្រីនួន បានសំណូមពរ និងសូមការអធ្យាស្រ័យ ពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសស្ត្រីខ្មែរទាំងអស់ ដែលគាត់បានឡាយបង្ហាញភាពមិនសមរម្យជ្រុល បង្ហាញកាយវិការ និងប្រើប្រាស់សម្តីអសីលធម៌ ដែលជាទង្វើអាក្រក់ និងសង្គមស្អប់ខ្ពើម ។

បន្ទាប់ពីបានសារភាពទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យស្ត្រីរូបនេះត្រឡប់ទៅលំនៅដ្ឋានវិញនៅម៉ោង ០៥និង៣០នាទីល្ងាចថ្ងៃដដែលនេះ ៕

ដកស្រង់ពី៖កោះសន្តិភាព