បណ្តាញសង្គម

ខ្លាំងបាត់! ជេរប្រមាថប្រពន្ធមិនអស់ចិត្ត ដុតម៉ូតូចោល​

ខេត្តពោធិសាត់ ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកតាលោសែនជ័យឃាត់ខ្លួន បន្ទាប់ពីជនបង្ករូបនេះផឹកស្រវឹង រួចជេរប្រមាថប្រពន្ធកូន និងដុតម៉ូតូមួយគ្រឿង បណ្តាលឱ្យឆេះខ្ទេច ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២១ នៅភូមិបត់រំដួល ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ។ សមត្ថកិច្ចស្រុកតាលោសែនជ័យបានឱ្យដឹងថា ជនបង្កជាប្តីឈ្មោះជ័យ សុធិន អាយុ៣៤ឆ្នាំ មានប្រពន្ធឈ្មោះង៉ោ គា អាយុ៤១ឆ្នាំ ។

គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ជនបង្កបានផឹកស៊ីស្រវឹងហើយជេរប្រមាថប្រពន្ធមិនអស់ចិត្ត ក៏បានយកដំបងវាយម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ រួចក៏ធ្វើសកម្មភាពដុតកម្ទេចចោលតែម្តង ។ បច្ចុប្បន្ន ជនបង្កម្នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព