បណ្តាញសង្គម

​ឪ​ចុង​ប្រព្រឹត្តលើ​​កូន​ស្រី​​១៣​​​ឆ្នាំ​​រហូត​មាន​​​​ផ្ទៃពោះ​៤​ខែ​​​

ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៨ កុម្ភៈ នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ក្រោយពីប្រពន្ធដាក់ពាក្យបណ្ដឹងចោទប្រកាន់ថា បានចាប់បង្ខំរំលោ.ភសេព.សន្ថ.វៈទៅលើកូនស្រីគាត់ដែលទើបមានអាយុ១៣ឆ្នាំ (កូនប្ដីមុន) រហូតមានផ្ទៃពោះ៤ខែ។

របាយការណ៍នគរបាលស្រុកសំឡូតបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននៅក្នុងអំពើរំលោភសេពសន្ថវៈនេះ ឈ្មោះ គឹម ជិនឡេង អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។

ជននេះ ត្រូវបានកម្លាំងអធិការស្រុកសំឡូត ចុះទៅឃាត់ខ្លួន បន្ទាប់ពីភរិយា របស់គាត់ដាក់ពាក្យបណ្ដឹងទៅកាន់ប៉ុស្ដិ៍មូលដ្ឋាន ដោយសង្ស័យថា បានចាប់រំលោភកូនស្រីគាត់ (កូនចុង ឬ កូនប្ដីដើម) ដែលនាងទើបមានអាយុ១៣ឆ្នាំ បានសម្រេចជាបន្តបន្ទាប់រហូតនាងមានផ្ទៃពោះចំនួន០៤ខែ ទើបបែកធ្លាយ។

បើតាមបណ្ដឹងស្ត្រីជាម្ដាយ និងជាភរិយាជនសង្ស័យបានឲ្យដឹងថា គាត់មិនដែលដឹងរឿងនេះទេ ព្រោះពេលប្ដីអគតិនេះចាប់កូនស្រីគាត់រំលោភម្ដងៗ ចំពេលគាត់រវល់ទៅចំការ ។

ប៉ុន្តែគាត់បានប្រាប់ថា ប៉ុន្តែថ្ងៃចុងក្រោយនេះ គាត់ឃើញកូនមានទឹកមុខស្លេកស្លាំង ហើយបាននាំនាងទៅឲ្យពេទ្យពិនិត្យ ស្រាប់តែគ្រូពេទ្យប្រាប់ថា កូនស្រីគាត់មានផ្ទៃពោះ៤ខែហើយ ក៏មានការភ្ញាក់ផ្អើល និង បានសួរនាំកូនស្រីទើបបែកធ្លាយរឿងឪពុកចុងតិរច្ឆានខាងលើនេះចាប់រំលោភជាបន្តបន្ទាប់ ហើយគាត់ក៏បានទៅប្ដឹងសមត្ថកិច្ចឲ្យចាត់វិធានការទៅលើប្ដីគំរក់នេះតែម្ដង។

សមត្ថកិច្ចបាននិយាយដែរថា បើតាមការសាកសួរក្មេងស្រីរងគ្រោះ នាងបាននិយាយថា ជារឿយៗឪពុកចុងនាងតែងតែគំរាមនាងមិនឲ្យនិយាយរឿងអាស្រូវនេះប្រាប់ម្ដាយ ឬ ប្រាប់អ្នកដទៃ។ ដូច្នេះហើយ ទើបនាងព្យាយាមបិទបាំងរហូតមក។

បើតាមចម្លើយបំភ្លឺរបស់នាង ជននេះ បានចាប់បង្ខំរំលោភកូនស្រីអាយុ១៣ឆ្នាំ តាំងពីអំឡុងខែតុលា ឆ្នាំ២០២០ កន្លងមកបានសម្រេចជាញឹកញាប់ រហូតនាងមានផ្ទៃពោះចំនួន០៤ខែ ទើបបែកធ្លាយដល់ម្ដាយ។

សមត្ថកិច្ច បានប្រាប់ថា ជនសង្ស័យឈ្មោះ គឹម ជិនឡេង បានសារភាពទទូលស្គាល់កំហុស ក្រោយពីឃាត់ខ្លួនមកសួរនាំ។ ពេលនេះ មន្ត្រីជំនាញកំពុងរៀបចំសំណុំរឿង បញ្ជូនជនតិរច្ឆាននេះទៅកាន់សាលាដំបូងខេត្តហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព