បណ្តាញសង្គម

ធ្លាប់ជាប់ពន្ធនាគារ ៤ឆ្នាំកន្លះ ដោយសារគ្រឿងញៀន ពេលនេះ មិនរាង!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា នៅវេលាម៉ោង ០៩ និង១០នាទីយប់ ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន បានល្បាតនៅចំណុចរង្វង់មូលផ្លូវ៥៨ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្រទះឃើញមុខសញ្ញាសង្ស័យ ឈ្មោះ គុណ វីឡា ហៅ ខ្លា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅ ក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងដោះដូរគ្រឿងញៀន ក៏ត្រូវកម្លាំង ត្រួតពិនិត្យឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន ០២ កូនថង់ នៅជាប់នឹងខ្លួន ហើយបាននាំជនសង្ស័យ មកសាកសួរ។

លោកបន្តថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញ បានបន្តទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ទៀត ឈ្មោះ ញឹម សោភ័ណ ហៅ លឹម វណ្ណៈ ហៅ ភៀន ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដកហូតបានទូរស័ព្ទដៃ ០១គ្រឿង។ ជននេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល០៤ឆ្នាំកន្លះ ពីបទជួញដូរគ្រឿងញៀន ទើបចេញបានរយៈពេលជាង ០៥ខែ គេនៅបន្តរកស៊ីជួញដូរគ្រឿងញៀននេះដដែល៕

ដកស្រង់ពី៖កោះសន្តិភាព