បណ្តាញសង្គម

ខេត្តកំពង់ចាម ចាប់បុរសម្នាក់ ផឹកស៊ីហើយ ជេរប្រមាថសមត្ថកិច្ច!

ខេត្តកំពង់ចាម៖ ជាករណីទី១ហើយ នៅខេត្តកំពង់ចាម ដែលបុរសម្នាក់ បានជួបជុំ ផឹកស៊ីស្រវឹងហើយ បានជេរសមត្ថកិច្ចម្តងជាពីរ ហើយត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការ។

ចំណែកអ្នកផឹកស៊ីរួមក្រុមផ្សេងទៀត បានស្តាប់ការណែនាំរបស់អាជ្ញាធរសមត្ថកិច្ច មិនត្រូវបានចាប់ខ្លួនទេ។ ករណីមនុស្សមួយក្រុម មានគ្នាចំនួន ៥ នាក់ បាននាំគ្នាផឹកស៊ី គឺនៅក្នុងឃុំរំចេក ស្រុកកំពង់សៀម។

នេះជាទង្វើខុសច្បាប់ ដែលអាជ្ញាធរខេត្ត ហាមមិនឲ្យមានការជួបជុំផឹកស៊ី ដើម្បីបង្ការ កុំឲ្យឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែដោយសារតែមានការអប់រំមិនស្ដាប់នៅតែផ្គើន ទើបសម្រេចចាប់ខ្លួនបុរសនោះ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀម។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា យោងតាមបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ បានចេញលិខិតជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ចាម ដោយមិនឱ្យមានការជួបជុំគ្នាច្រើន ពិសេសមិនឲ្យជួបជុំផឹកស៊ីនោះទេ ដោយសារតែការព្រួយបារម្ភនៃការរីករាលដាលជំងឺកូវីដ។

សមត្ថកិច្ចបានប្រាប់បន្តថា ស្របពេលដែលកម្លាំងប្រជាការពារ រួមជាមួយនឹងប៉ុស្តិ៍រដ្ឋបាលរំចេក ល្បាតតាមគោលដៅជាច្រើន នៅក្នុងភូមិ គឺនៅម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី១៧មេសា បានជួបបុរសម្នាក់ ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ បានដើរចេញពីកន្លែងផឹកស៊ី ហើយស្រែកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ក្នុងស្ថានភាពស្រវឹងថា «ពួកអាធ្វើការឃុំ ពួកហ្អែងធ្វើការឱ្យល្អតិចមើល»។

ឃើញស្ថិតក្នុងសភាពស្រឹវឹងបែបនេះ កម្លាំងសមត្ថកិច្ច បាននិយាយណែនាំឲ្យឈប់ផឹកស៊ី ឆាប់ទៅផ្ទះ ក្នុងនោះ អ្នកដែលរួមផឹកស៊ីជាមួយបុរសខាងលើ មានគ្នាបួននាក់ បាននាំគ្នា ត្រឡប់ទៅផ្ទះរៀងៗខ្លួន បាត់អស់។ ចំណែកឈ្មោះ ប្រុស ពុំស្តាប់ឡើយ។ ពេលនោះ កម្លាំងសមត្ថកិច្ច បានយកបុរសរូបនោះ មកណែនាំនៅប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ធ្វើការអប់រំណែនាំនូវសេចក្តីសម្រេចលេខ៤៩ ស.ស.រ របស់រារដ្ឋាភិបាល និងធ្វើកិច្ចសន្យា រួចកម្លាំងសមត្ថកិច្ច បានឱ្យត្រឡប់ទៅផ្ទះវិញ។

ប៉ុន្តែពេលដើរចេញដល់ចំណុចផ្លូវថ្នល់កៅស៊ូ មុខប៉ុស្តិ៍ ស្រាប់តែបុរសនេះ នៅតែបន្តស្រែកជេរប្រមាថ មកលើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទៀតនូវពាក្យអសុរោះឡើងកប់ៗមាត់… បន្ទាប់មក ទើបសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់នោះ តាមបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ហើយបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ទាំងយប់ដើម្បីសួរនាំ រៀបចំសំណុំរឿង បញ្ជូនទៅឲ្យតំណាងអយ្ ការអមសាលាដំបូងខេត្ត។

សូមបញ្ជាក់ថា នេះគឺជាករណីទីមួយនៅខេត្តកំពង់ចាម ដែលល្មើសនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយត្រូវប៉ូលិសចាប់ខ្លួន បញ្ជូនទៅតុលាការ៕

ដកស្រង់ពី៖កោះសន្តិភាព