បណ្តាញសង្គម

ខ្លាំងមែន! មន្ត្រី​យោធាជិះ​បុក​បា​រ៉ា​ស់ហើយ​វាយ​​​សមត្ថ​​​កិច្ច​របួស​ទៀត

រាជធានីភ្នំពេញ៖ មន្ត្រីយោធាម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួន បន្ទាប់ពីមន្ត្រីយោធារូបនោះបានជិះម៉ូតូបុកបារ៉ាស់ជេរប្រថ និងវាយនគរបាលម្នាក់បណ្តាលបែកចិញ្ចើម ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី២០ មេសា ឆ្នាំ២០២១ នៅចំណុចគោលដៅបិទខ្ទប់ការធ្វើដំណើរ ចំណុច រង្វង់មូលតាព្រហ្ម ក្នុងភូមិ ទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចឱ្យដឹងថា ជនបង្កឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា ពាក់ស័ក្ត៣ មានទីលំនៅផ្ទះលេខ ២២AE0 ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំ ពេញ ។

ចំណែកនគរបាលម្នាក់របួសឈ្មោះ វេង ឌីណា ភេទប្រុស ពាក់ ស័ក្តិ៣ រងរបួសបែកចិញ្ចើមផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗ ។ តាមព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ គេឃើញជនបង្កបានជិះម៉ូតូមួយគ្រឿងប្រុងចូលរាជធានីភ្នំពេញមកដល់ ចំណុចបិទខ្ទប់ សមត្ថកិច្ចសួរ នាំរកឯកសារមិនមាន ហើយត្រូវបានសមត្ថកិច្ច អោយត្រឡប់ក្រោយ តែជននោះ នៅតែព្យាយាមទៅមុខបុកបារ៉ាស ហើយត្រូវបានសមត្ថកិច្ចឃាត់។

តាមព័ត៌មានអោយដឹងទៀតថា ភ្លាមនោះជនបង្កបានជេរប្រមាថមើលងាយនិងយកមួក សុវត្ថិភាព វាយមកលើនគរបាលបណ្តាលអោយរងរបួសតែម្តង ។ ជនបង្កត្រូវបាននគរបាលបាននាំគ្នាព័ទ្ធឃាត់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីកសាងសំនុំរឿងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព