បណ្តាញសង្គម

ស្តាយថ្មីរបស់ចោរបន្លំជាអ្នកដឹកបន្លែ តែត្រូវអស់​លក្ខណ៍នៅគោលដៅចត្តាឡីស័ក

រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់បើកម៉ូតូសណ្តោងរឺម៉កឌុបគ្នាបន្លំខ្លួនធ្វើដូចជាអ្នកដឹកបន្លែ តាមការពិតជាចោរប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក៏ត្រូវកម្លាំងសមត្ថកិច្ចដែលយាមគោលដៅចត្តាឡីស័កនៅក្នុងសង្កាត់ចោមចៅ1 ប្រទះឃើញក៏ឃាត់ខ្លួនប្រគល់ឲ្យនគរបាលចោមចៅទី1 កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី19១៩ ខែមេសា នៅភូមិគោកចំបក់ ជិតវត្តអង្គតាម៉ិញ សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំងបីនាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ជនសង្ស័យទី១-ឈ្មោះ ម៉ៅ អាយុ38ឆ្នាំ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ជាអ្នកធ្វើសកម្មភាពបម្រុងលួចម៉ូតូសណ្តោងរឺម៉ក ទី២-ឈ្មោះ នី អាយុ៣៧ឆ្នាំ ជាបក្សពួកមុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងទី៣-ឈ្មោះ សុខ ឡី អាយុ២៧ឆ្នាំ ជាបក្សពួក មុខរបរនិងស្នាក់នៅមិនពិតប្រាកដទាំងបីនាក់ ជិះម៉ូតូសណ្តោងរឺម៉កមួយគ្រឿងបាញ់ថ្នាំពណ៌ក្រហម ។

ប្រភពពីសមត្ថកិច្ចយាមគោលដៅចត្តឡីស័កសង្កាត់ចោមចៅទី1 បានប្រាប់អោយដឹងថា ភិនភាគជនសង្ស័យទាំងបីនាក់ខាងលើនេះកន្លងមកមានប្រជាពលរដ្ឋបានរាយការណ៏ថាជាមួយមុខសញ្ញាសកម្មលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ លុះដល់យប់កើតហេតុ ខណៈពេលសមត្ថកិច្ចកំពុងល្បាតតាមព្រំប្រទល់សង្កាត់ជាប់គ្នា ក៏ប្រទះឃើញជនសង្ស័យទាំងបីនាក់ខាងលើ ភិនភាគដូចប្រជាពលរដ្ឋរាយការណ៍ បានជិះម៉ូតូសណ្តោងរឺម៉កឌុបគ្នាមក ឈប់ម្តុំជិតវត្តអង្គតាម៉ិញ ហើយជនសង្ស័យឈ្មោះម៉ៅ បានចុះពីរឺម៉កដើរសំដៅទៅរកលួចម៉ូតូសណ្តោងរឺម៉កមួយគ្រឿងទៀតដែលចតនៅមុខផ្ទះប្រជាពលរដ្ឋក្បែរវត្ត ឃើញហេតុការណ៍គួរឲ្យសង្ស័យ សមត្ថកិច្ចក៏ចូលទៅសួរទៅសួរនាំតែគ្រាន់តែឃើញសមត្ថកិច្ច បក្សពួកជនសង្ស័យ2នាក់ទៀតនៅលើរឺម៉កបានបើករឺម៉ករត់គេចខ្លួនតែម្តង ចំណែកជនសង្ស័យឈ្មោះម៉ៅរត់ឡើងរឺម៉កមិនទាន់ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ ។

ចំណែកបក្សជនសង្ស័យដែលបើករឺម៉ករត់គេចខ្លួនទៅដល់ផ្លូវ2004 ក៏ត្រូវសមត្ថកិច្ចប្រដេញតាមឃាត់បាន ទាំងរឺម៉ក និងជនសង្ស័យភ្លាមៗផងដែរ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យម៉ៅ បានសារថាភាពខ្លួនពិតជាមានបំណង លួចរឺម៉កម៉ូតូប្រជាពលរដ្ឋពិតមែន តែមិនទាន់បានធ្វើសកម្មភាពផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី1 ចាត់ការតាមនិតិវិធី ។

ដកស្រង់ពី៖កោះសន្តិភាព