បណ្តាញសង្គម

ឆ្លាត​ណាស់​លោក​ចោរ ជិះ​កង់​​​ដូរ​យក​​​ម៉ូតូ​​គេ​

ខេត្តបាត់ដំបង៖ ជនចិត្តស្លុយម្នាក់បានជិះកង់ទៅទុកចោលនៅទីប្រជុំជនមួយកន្លែង រួចបន្លំលួចយកម៉ូតូគេមួយគ្រឿងជិះចេញពីស្រុកបវេល ខណៈម្ចាស់ធ្វេសប្រហែសភ្លេចដកសោរ រួចជិះមកស្វែងរកកន្លែងលក់ ត្រូវមន្ត្រីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឃាត់ខ្លួនភ្លាមៗ នៅព្រឹកព្រលឹមព្រាលៗ ថ្ងៃទី ២១ មេសា នៅម្ដុំចំណតរថយន្តផ្សារបឹងឈូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

លោក វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលចុះបង្ក្រាបករណីនេះផ្ទាល់បានប្រាប់ថា ជនសង្ស័យឈ្មោះ នួន ម៉េង ហៅ ត្រេន អាយុ២៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ។ ជននេះ បានជិះម៉ូតូស្វែងរកកន្លែងលក់ ដែលគួឲ្យសង្ស័យបំផុតនៅម្ដុំផ្សារបឹងឈូកនៅវេលាទៀបភ្លឺ ហើយអ្នកឃើញហេតុការដែលគួរឲ្យសង្ស័យក៏ផ្ដល់ព័ត៌មាននេះ ទើបលោកចុះពិនិត្យនិងឃាត់ខ្លួនយកមកសាកសួរ ក៏បែកធ្លាយរឿងលួចម៉ូតូគេពីស្រុកបវេលតែម្ដង។

ម៉ូតូនោះម៉ាកហុងដាឌ្រីម ពណ៏ខ្មៅ ស៊េរីឆ្នាំ២០១៨។យោងតាមព្រឹត្តិហេតុរបស់ លោក សុខ សារិន អធិការនគរបាលស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ បានបន្លំលួចយកម៉ូតូខាងលើនេះ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២០ មេសា ខណៈម្ចាស់ធ្វេសប្រហែសទុលចោលនៅកន្លែងទីប្រជុំជនតូចមួយ ត្រង់ចំណុចក្បាលស្ពានមួយកន្លែង ស្ថិតក្នុងភូមិទំនប់ ឃុំបវេល ស្រុកបវេល។ លោកសុខ សារិន បានប្រាប់ថា ម្ចាស់ម៉ូតូឈ្មោះ ខន លក្វិណា ស្រីអាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ។

នៅទីតាំងកើតហេតុ ជាទីប្រជុំជនតូចមួយដែលមានអ្នកលក់ដូរម្ហូបអាហារនិងគ្រឿងក្លែមតិចតួចផង។ ជនរងគ្រោះបានជិះម៉ូតូទៅទុកទីនោះមិនបានដកសោចេញទេ ហើយទៅអង្គុយលេងលើអង្រឹងភ្លេចខ្លួន ក៏ត្រូវជនសង្ស័យ ដែលជិះកង់ទៅសំកុកចាំជាស្រេចនៅទីនោះដែរ បន្លំលួចជិះចេញទៅបាត់ ដោយទុកកង់កញ្ចាស់របស់ខ្លួននៅទីនោះ។

លុះនៅព្រឹកថ្ងៃទី២១ មេសា ទើបដឹងថា លោកចោរចិត្តស្លុយម្នាក់នេះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួនបាន ជាមួយនឹងម៉ូតូ ដែលជននេះកំពុងស្វែងរកកន្លែងលក់ ។

បើតាមលោក វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បាននិយាយថា ជាមួយនឹងការឃាត់ខ្លួនជនដៃដល់ខាងលើនេះ លោកបានដកហូតម៉ូតូមួយគ្រឿង ជាម៉ូតូដែលជននេះលួចយកពីស្រុកបវេល ហើយជាម៉ូតូរបស់ជនរងគ្រោះ ដែលមានឈ្មោះនៅក្នុងព្រឹត្តិហេតុរបស់លោកអធិការស្រុកបវេល។

លោកបានបញ្ជាក់ថា ពេលនេះជនសង្ស័យកំពុងឃាត់ខ្លួនសួរនាំនៅក្នុងស្នងការខេត្តនៅឡើយ ហើយលោកស្នងការ បានបញ្ជាឲ្យមន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបវេល ចុះមកសួរនាំផ្ទាល់នៅការិយាល័យជំនាញខាងលើតែម្ដង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

ដកស្រង់ពី៖កោះសន្តិភាព