បណ្តាញសង្គម

តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ ​បណ្តោះអាសន្ន ករណី​ជិះ​ម៉ូតូ​បុក​បា​រ៉ា​ស់ ជេរ​និង​វាយ​សមត្ថកិច្ច​នៅ​គោលដៅ​បិទ​ខ្ទប់

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នឹងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានឲ្យដឹងនារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា លោក សេង លាង អនុប្រធានសាលាដំបូង ជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនមន្ត្រីយោធាម្នាក់ពាក់ពន្ធករណីជិះម៉ូតូបុកបារ៉ាស់ ជេរប្រមាថ នឹងវាយវាយសសមត្តកិច្ច កំពុងអនុវត្តវិធានការបិទខ្ទប់ ដាក់ពន្ធនាគាជាបណ្តោះអាសន្ន ។

ការសម្រេចឃុំខ្លួនជនសង្ស័យពីសំណាក់លោកចៅក្រមស៊ើបសួរនេះ គឺយោងទៅលើការចោទប្រកាន់ជាផ្លូវការ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធទៅនឹងអំពើហិង្សាជាបទល្មើសព្រហ្មទណ្ឌ នឹងបទល្មើសស្តីពីវិធានការបិទខ្ទប់ ដើម្បីប្រឆាំងកូវីដ-១៩ តាមមាត្រា៤ នឹងមាត្រា១១ ។

ជនសង្ស័យឈ្មោះ ខៀវ ចាន់សុភក្ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ជាមន្ត្រីយោធា មានឋានន្ទរស័ក្តថ្នាក់អនុសេនីយ៍ឯក(ស័ក្ត៣) នឹងមានទីលំនៅផ្ទះលេខ ២២AE0 ផ្លូវ៥៧២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរសំណុំរឿងមន្ត្រីយោធាខាងលើនេះ ដែលជាប់ពាក់ពន្ធករណីជិះម៉ូតូបុកបារ៉ាស់ ជេរប្រមាថ នឹងវាយលើសមត្ថកិច្ចកំពុងអនុវត្តវិធានការបិទខ្ទប់ ដោយហាមឃាត់ការធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញ នឹងក្រុងតាខ្មៅ ក្នុងខេត្តកណ្តាល ដែលជាទីតាំងឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ។

សូមរម្លឹកថា កាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទីព្រឹក ថ្ងៃទី២០ មេសា មានហេតុការណ៍មួយបង្កឲ្យភ្ញាក់ផ្អើលនៅចំណុចគោលដៅបិទខ្ទប់ការធ្វើដំណើរចំណុចរង្វង់មូលតាព្រហ្ម ក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយកម្លាំងសមត្តកិច្ចគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ដែលបានជិះម៉ូតូបុកបារ៉ាស់ ហើយជេរប្រមាថ និងវាយមកលើសមត្តកិច្ចបណ្តាលឲ្យរងរបួសមន្ត្រីនគរបាលម្នាក់ឈ្មោះ វេង ឌីណា ភេទប្រុស ពាក់ស័ក្តិ៣ បែកចិញ្ចើមផ្នែកខាងស្ដាំ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗ ។

តាមប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យជាមន្ត្រីយោធានោះ ជាមនុស្សកើតជំងឺសសៃប្រសាទ ផ្តើមចេញពីវិបត្តក្នុងក្រុមគ្រួសារ ដោយជួបទុក្ខយ៉ាងធ្ងន់ធ្ងរ ។ នៅព្រឹកថ្ងៃចូលតុលាការ គេសង្កេតឃើញ បុរសម្នាក់ដែលអះអាងថា ជាឪពុក ឈរចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ តាមយកថ្នាំពេទ្យមួយកញ្ចប់ទៅឲ្យកូនលេប ពាក់ព័ន្ធជំងឺសសៃប្រសាទ ។

ក្នុងទឹកមុខស្រងូតស្រងាត់ បុរសជាឪពុកជនបង្ក បានបង្ហើបឲ្យដឹងថា កូនប្រុសគាត់កើតជំងឺសសៃប្រសាទ ចាប់ផ្តើមពីឆ្នាំ២០១៧ ដែលថ្ងៃមួយនោះកូនប្រុសគាត់ នឹងក្រុមគ្រួសារបានធ្វើដំណើរដោយរថយន្ត ចេញពីខេត្តកោះ ក្នុងបំណងចូលមករាជធានីភ្នំពេញ លុះដល់ចំណុចផ្លូវបំបែក (ស្រែអំបិល កោះកុង) ក៏មានរថយន្តមួយគ្រឿង បើកបុករថយន្តកូនគាត់ បណ្តាលឲ្យគ្រោះថ្នាក់មានបងប្អូនត្រូវស្លាប់ នឹងរបួស ពេលនោះកូនគាត់(ជនសង្ស័យ) របួសត្រូវក្បាល នឹងប្រពន្ធគេក៏រងរបួសដែរ ។

ក្រោយមកទើបមានការព្យាបាលបានរួចផុតពីជីវិតទាំងប្តីប្រពន្ធ ដូច្នោះកូនប្រុសគាត់នៅបន្សល់ទុកជំងឺសសៃប្រសាទនេះ គ្មានអ្នកណានិយាយគាត់ស្តាប់ទេ គាត់ចង់ធ្វើអីតាមចិត្តគាត់ នឹងមានចរិកឆេវឆាវថែមទៀតផង ដោយសារជំងឺសសៃប្រសាទនោះហើយ បណ្តាលឲ្យបែកបាក់គ្រួសារ ប្រពន្ធសុំលែងលះ ធ្វើឲ្យកូនគាត់តែលតោល នឹងបានរស់នៅជាមួយជីតារហូតមក ។

ពេលសមត្តកិច្ចនាំខ្លួនជនសង្ស័យទៅតុលាការ គេបានសង្កេតឃើញមេធាវីការពារក្តីឲ្យជនសង្ស័យ កាន់ឯកសារមួយចំនួន ចេញដោយវេជ្ជបណ្ឌិតព្យាបាលរោគសសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត្រ យកទៅបង្ហាញស្ថាប័នអយ្យការ ក្នុងគោលបំណងជួយសម្រាល និងដើម្បីដោះបន្ទុកលើជនសង្ស័យឲ្យរួចផុតពីការចោទប្រកាន់នោះ ។ ប៉ុន្តែយ៉ាងណាក្តី តំណាងអយ្យការបានសម្រេចចោទប្រកាន់ នឹងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឃុំខ្លួនជនសង្ស័យដាក់ពន្ធគារជាបណ្តោះអាសន្ន ។

ការសម្រេចឃុំខ្លួនជនសង្ស័យរូបនេះ មតិអ្នកច្បាប់បានលើកឡើងថា ទំនងជាតុលាការបើកផ្លូវទុកពេលឲ្យភាគីជនសង្ស័យ រកភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ពីស្ថានភាពសុខភាព ជំងឺ(សសៃប្រសាទ) ឲ្យបានច្បាស់លាស់ មុននឹងបើកសវនាការផ្តន្ទាទោស ។

ព្រោះតុលាការមិនអាចកាត់ទោសលើជនមានវិប្បលាស សតិមិនគ្រប់គ្រាន់នោះទេ ហើយបើសិនជារកឃើញថា ជនសង្ស័យពិតជាមានជំងឺសសៃប្រសាទមែន នោះជនសង្ស័យពិតជាបានរួចផុតពីការចោទប្រកាន់ តែផ្ទុយទៅវិញបើសិនជាការស៊ើបសង្កេត បានរកឃើញថា ជនសង្ស័យជាមនុស្សគ្មានពាក់ពន្ធជំងឺសសៃប្រសាទទេ តុលាការនឹងបើកសវនាការផ្តន្ទទោសលើជនជាប់ចោទតាមច្បាប់ជាធរមាន ៕

ដកស្រង់ពី៖កោះសន្តិភាព