បណ្តាញសង្គម

ហ៊ាន​មែន​! អង្គុយ​លេង​ទីធ្លា​សាលារៀន​សុខ​ៗ ត្រូវ​យុវជន​១​ក្រុម​ជិះ​ម៉ូតូ​មក​កាប់​តែ​ម្តង

ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះម្នាក់កំពុងតែអង្គុយលេងទីធ្លាសាលារៀនសុខៗ ក៏ស្រាប់តែត្រូវក្មេងស្ទាវ១ក្រុម មានគ្នា៣នាក់ មកកាប់ បណ្តាលរបួសធ្ងន់ ក្រោយកើតហេតុសមត្ថកិច្ចក៏ចាប់ខ្លួនបាន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យ២នាក់ខាងលើមាន ១.ឈ្មោះ ធឿន សុខាវីត ភេទប្រុស អាយុ១៦ឆ្នាំ និង២.ឈ្មោះ ឆៃ ភារៈ ភេទប្រុស អាយុ១៦ឆ្នាំ ទាំង២នាក់រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ រឿន វ៉ាន់លាភ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យ១ក្រុមបានជិះម៉ូតូ១គ្រឿង ដែលមានគ្នា៣នាក់ បានកាន់កាំបិតរួចមកកាប់លើជនរងគ្រោះដែលនៅម្នាក់ឯង ហើយកំពុងតែអង្គុយលេងនៅបរិវេណសាលារៀន ធ្វើឱ្យរបួសជើងខាងឆ្វេង២កន្លែង កំភួនឆ្វេង១កន្លែង បណ្តាលរងរបួសធ្ងន់ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅចំណុចសាលាបឋមសិក្សាប្រជាធម្ម ស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រួចកំណត់មុខសញ្ញា ហើយក៏ឃាត់ខ្លួនជនសង្ស័យបាន២នាក់ និងម្នាក់ទៀតរត់គេចខ្លួនបាត់ ហើយកម្លាំងកងរាជអាវុធហត្ថក៏បានដកហូតវត្ថុតាង ដូចជា ដាវសាំម៉ូរ៉ៃ១ដើម កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតភូមិចាន់គីរី សង្កាត់.ក្រុងប៉ោយប៉ែត។ ហើយក៏នាំខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព