បណ្តាញសង្គម

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី ចាក់​សាំង​ដុត​ប្តី និង​កូន ២​នាក់ កំពុង​ដេកលក់ បណ្តាល​ឲ្យ​របួស

ខេត្តសៀមរាប៖ ទីបំផុត សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនស្ត្រីម្នាក់ ដែលបានចាក់សាំង ដុតប៉ុនប៉ងសម្លាប់ប្តី បណ្តាលឲ្យរងរបួស ដល់កូន ២ នាក់ទៀត។

សមត្ថកិច្ច បានសម្រេចកសាងសំណុំរឿង បញ្ជូនស្ត្រីនោះ ទៅតុលាការ ពីបទហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ នេះ។ពេលឃាត់ខ្លួនស្ត្រីឈ្មោះ ឡូញ សាន្ត បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេ និងជនរងគ្រោះ ពិតជាប្ដីប្រពន្ធនឹងគ្នា ដែលតែងតែមានទំនាស់ពាក្យសំដី និងផ្ទុះអំពើហិង្សា ក្នុងគ្រួសារជាញឹកញាប់ ជាក់ស្ដែង នៅថ្ងៃកើតហេតុវេលាម៉ោង ១២ថ្ងៃត្រង់ ប្ដីរបស់ខ្លួន បានផឹកស្រាស្រវឹង ហើយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងសម្លាប់មាន់ចោលអស់ចំនួន ៤ក្បាល។

ពេលឃើញដូច្នោះ ខ្លួនបានស្ដីបន្ទោស ធ្វើឱ្យប្ដីខឹង ហើយស្ទុះមកធ្លាក់ខ្លួនចំចង្កេះចំនួន ២ជើង បណ្ដាលឱ្យដួល លុះវេលាម៉ោងប្រមាណ ២ រសៀលថ្ងៃដដែល ខណៈប្ដី កំពុងដេកលង់លក់ ក្នុងខ្ទមចាំចំការ ខ្លួនបានយកសាំងចាក់ស្រោច ទៅលើ ហើយដុតតែម្ដង បណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន និងកូនស្រី ២ នាក់ ក៏រងរបួសដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ មានហេតុការណ៍មួយ ដែលប្រពន្ធ បានលួចយកសាំងចាក់លើប្តី ប៉ុនប៉ងដុតសម្លាប់ខ្លួន ស្ថិតនៅដីចំការ ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឲ្យបុរសម្នាក់ រងរបួសជាទម្ងន់ និងកូន ២នាក់ រលាកភ្លើងពេញខ្លួន។

ហេតុការណ៍នោះ ក៏បណ្តាលឲ្យផ្ទះស្លឹក(ខ្ទម) ១ខ្នង រួមទាំងសម្ភារៈប្រើប្រាស់ ឆេះខ្ទេចខ្ទី។ ជនរងគ្រោះ ឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ ៤៨ឆ្នាំ (ប្តី) របួសធ្ងន់ និងកូនស្រី ២នាក់ ម្នាក់ឈ្មោះ ឆាយ ស្រីមួយ អាយុ ៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឆាយ ស្រី អាយុ ២ឆ្នាំ (រលាកភ្លើងពេញខ្លួន)។

ចំណែកប្រពន្ធ ដែលចាក់សាំងដុតប្តីនោះ ឈ្មោះ ឡូញ សាន្ត អាយុ ២៦ឆ្នាំ។ គ្រួសារនេះ រស់នៅផ្ទះស្លឹក (ខ្ទម) ក្នុងដីចំការមួយកន្លែង ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤ គីឡូម៉ែត្រ ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ទាក់ទិនករណីខាងលើនេះ បើតាមការរៀបរាប់ពីឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ ៦ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ម្តាយរបស់ខ្លួន ពិតជាអ្នកយកសាំងលួចចាក់ដុតប៉ុនប៉ងសម្លាប់ឪពុកប្រាកដមែន។

ព្រោះក្នុងចន្លោះម៉ោងប្រមាណ ៩ ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ មុនកើតហេតុឪពុកម្តាយ ទាំង ២នាក់ មានជម្លាះទាស់ទែងគ្នា បែកផ្សែង ដែលជម្លោះរបៀបនោះ មិនមែនតែពេលនេះទេ គឺស្ទើររាល់ថ្ងៃទៅហើយ ដោយពួកគាត់ រស់នៅក្នុងស្ថានភាពក្រីក្រលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ជាហេតុបណ្តាលឲ្យមានភាពរកាំរកូស។

កូនប្រុសអាយុ ៦ ឆ្នាំ បន្តថា ពេលព្រឹកពួកគាត់ឈ្លោះគ្នាមួយប្រ៉ាវ រួចក៏ស្ងប់ស្តាត់ទៅ លុះដល់ថ្ងៃរសៀល ខណ:ឪពុក កំពុងដេកលក់ ស្រាប់តែម្តាយ បានលបលួច យកសាំង ទៅចាក់ស្រោចពីលើឪពុក និងដុតខ្លួនប៉ុនប៉ងសម្លាប់តែម្តង។ ក្នុងហេតុការណ៍នោះ បណ្តាលឲ្យប្អូនៗ ២ នាក់ ដែលកំពុងដេកក្បែរឪពុក ក៏រលាកភ្លើងរងរបួសផងដែរ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅដល់ និងមិនទាន់បានធ្វើការឃាត់ខ្លួន ស្ត្រីជាប្រពន្ធ ដែលជាជនបង្ក យកទៅសាកសួរនៅឡើយទេ ដោយទុកឲ្យនៅមើលថែប្តី និងកូន ដែលត្រូវបានបញ្ជូនទៅសង្គ្រោះ នៅពេទ្យបង្អែកខេត្តសៀមរាប។

សេចក្តីរាយការណ៍ ឲ្យដឹងថា ក្រុមគ្រួសារមួយនេះ ពុំមានញាត្តិសណ្តាន ឬអ្នកជិតខាងនៅក្បែរនោះទេ ពួកគាត់រស់នៅក្នុងក្នុងដីចំការមួយ ដាច់ឆ្ងាយពីអ្នកស្រុកភូមិ ម្លោះហើយទើបមានរឿងអីកើតឡើង គ្មានអ្នកណាជួយបាន។

ពេលនេះ កូនប្រុសច្បងម្នាក់ អាយុ ៦ ឆ្នាំ ត្រូវបានលោកមេឃុំ យកមកចិញ្ចឹមបីបាច់ថែរក្សាជាបណ្តោះអាសន្ន បន្ទាប់ពីម្តាយឪពុក នឹងប្អូន២ នាក់ស្ថិតនៅក្នុងមន្ទីរពេទ្យ៕

ដកស្រង់ពី៖កោះសន្តិភាព