បណ្តាញសង្គម

រណារយន្ត ៥​គ្រឿង និង​បំណែក​សំណាក​សាច់​ជ្រូកព្រៃ ៥ គ​.​ក្រ ត្រូវបាន​ដុត​កម្ទេចចោល

ខេត្តមណ្ឌលគិរី៖ រយៈពេល ៧ថ្ងៃ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានចុះល្បាតក្នុងភូមិសាស្ត្រតំបន់អភិរក្ស និងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃស្រែពក ដោយមានការចូលរួមពីកម្លាំងនគរបាល និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ គាំទ្រដោយគម្រោងអង្គការ WWF បានចុះទប់ស្កាត់បទល្មើស ក្នុងខណៈមេឃមានភ្លៀងធ្លាក់ជោគជាំ នៅតាមតំបន់ខ្លះ ហើយបានប្រមូលយករណារយន្តសរុប ៥គ្រឿង និងបំណែកសំណាកសាច់ជ្រូកព្រៃទម្ងន់ ៥គ.ក្រ ទៅដុតកម្ទេចចោល។

ក្នុងប្រតិបត្តិការនេះ មន្ត្រីឧទ្យានុរក្ស និងក្រុមការងារទាំងអស់ បាននាំយកម៉ូតូជនសង្ស័យ ដែលចូលក្នុងតំបន់ហាមឃាត់សរុប ៣គ្រឿង ទៅរក្សាទុកនៅស្នាក់ការបរិស្ថាន និងធ្វើកិច្ចសន្យាព្រមាន រួមទាំងអប់រំណែនាំមនុស្ស ៦នាក់ ដែលចូលក្នុងតំបន់ការពារធម្មជាតិ ជាពិសេសក្នុងតំបន់ស្នូល ដោយគ្មានការអនុញ្ញាត។

ការបរបាញ់ និងការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ជាអំពើខុសច្បាប់។ ក្នុងនោះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ៕

ដកស្រង់ពី៖កោះសន្តិភាព