បណ្តាញសង្គម

តូចចិត្ត​ម្តាយ​ស្លា​.​ប់​មិន​អាច​ទៅ​បុណ្យ និង​ម្ចាស់ផ្ទះ​ជួល​ដេញ​ចេញ​ទៀត នាង​ចង់​បញ្ចប់​អ្វី​ៗ​ទាំងអស់

រាជធានីភ្នំពេញ ៖ កម្មាការីនីម្នាក់បានធ្វើដំណើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វា ដោយនាងអះអាងថា តូចចិត្តរឿងម្តាយឈឺស្លា.ប់នៅខេត្ត មិនអាចធ្វើដំណើរទៅធ្វើបុណ្យបាន ហើយម្ចាស់ផ្ទះជួលក៏បានដេញនាងចេញពីផ្ទះទៀត ដោយសារតែគ្មានប្រាក់អោយថ្លៃឈ្នួល។

ទោះបីជាយ៉ាងណា ការប៉ុនប៉ងលោ.តទឹករបស់នារីរងគ្រោះរូបនោះពុំបានសម្រេចឡើយ ដោយសារកម្លាំងសណ្តាប់ធ្នាប់ និងនគរបាលដែលប្រចាំការគោលដៅបិទខ្ទប់គល់ស្ពានជ្រោយចង្វារឃាត់ទាន់។

ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២១ នៅចំណុច លើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេល រាជធានីភ្នំពេញ ។

នារីរងគ្រោះរូបនោះឈ្មោះជឿន ជឹម អាយុ១៨ឆ្នាំ ជាកម្មការីនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល នៅម្តុំផ្សារជម្ពូវ័ន និងមានស្រុកកំណើត ភូមិពើស ឃុំពើសស្រុកជីក្រែក ខេត្តព្រះវិហារ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះរូបនោះបានជិះម៉ូតូកង់បីធ្វើដំណើរមកលោ.តទឹកពីលើស្ពានជ្រោយចង្វាដែរ តែមិនទាន់បានលោ.តនោះទេ ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ជួយអន្តរាគមន៍ឃាត់ទាន់ រួចក៍បានបញ្ចូនមកកាន់គល់ស្ពានខាងលិច ដើម្បីសាកសួរ ។

តាមប្រភពពីនារីរងគ្រោះរូបនោះបានប្រាប់សមត្ថកិច្ចអោយដឹងថា មូលហេតុដែលនាងធ្វើដំណើរមកលោ.តទឹក គឺដោយសារតែ តូចចិត្តខ្លួនឯង ដែលមិនអាចធ្វើដំណើរទៅផ្ទះ ធ្វើបុណ្យស.ពអោយម្តាយដែលបានស្លា.ប់នៅស្រុកកំណើត និងម្យ៉ាងទៀត អត់លុយអោយថ្លៃផ្ទះ ត្រូវម្ចាស់ផ្ទះជួលដេញចេញទៀត ។

នារីរងគ្រោះរូបនោះបានអោយដឹងទៀតថា នាងបានទទួលដំណឹងថា ម្តាយបង្កើតមានជំងឺក្អូតធ្លាក់ឈាមស្លា.ប់រយៈពេល២ថ្ងៃកន្លងមកហើយ ដោយនាងបានទាក់ទង់ទៅផ្ទះ ប្រាប់ថា មិនអាចទៅធ្វើដំណើរទៅធ្វើបុណ្យបានទេ ហើយត្រូវបងប្អូនស្តីបន្ទោសជាខ្លាំង ។

លុះនៅថ្ងៃទី២ ខែឧសភា នេះ ម្ចាស់ផ្ទះជួលក៍បានដេញនាងចេញទៀត ដោយអត់លុយបង់ថ្លៃផ្ទះ ធ្វើអោយនាងមិនចង់រស់នៅ ក៍បានធ្វើដំណើរមកលោ.តទឹក តែមិនបានសម្រេច ។

ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា ការរៀបរាប់របស់នារីរងគ្រោះខាងលើប្រាប់សមត្ថកិច្ចជារឿងពិតឬយ៉ាងណានោះទេ ។ បន្ទាប់ពីនាំមកធ្វើការសាកសួររួច នគរបាលក៍បានលួងលោមកុំអោយនាងគិតខ្លី ហើយក៍បានទាក់ទងទៅមិត្តភក្តិអោយនាំនាងយកត្រឡប់ទៅវិញ៕

ដកស្រង់ពី៖កោះសន្តិភាព