បណ្តាញសង្គម

ភ្លៀងរលឹម​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ជា​ច្រើន​ខ្នង​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង បានដួលរលំរាបដល់ដី និងជាច្រើនខ្នងទៀតរលំ និងប៉ើងដំបូលខូចខាតយ៉ាងដំណំ ខណៈពេលដែលមានភ្លៀងរលឹមលាយឡំនឹងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងបណ្តាលឲ្យប៉ើងដួលរំលំផ្ទះរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់ខូចខាត់ជាច្រើនខ្នង។ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង២២នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិកោះត្រាច និងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានផ្ទះប្រជាពលរដ្ឋប្រមាណជា៤ខ្នងធ្វើពីស័ង្កសី បានដួលរលំរាបដល់ដីខូខខាតទាំងស្រុង ស្ថិតនៅភូមិកោះត្រាចឃុំថ្មី ស្រុកកំពង់រោទិ៍។ ហើយដោយឡែកផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងទៀត ស្ថិតនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ក៏បានរងការខូចខាតជាច្រើនខ្នងផងដែរ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតផងដែរថា គេមិនទាន់ដឹងចំនួនពិតប្រាកដ នៃផ្ទះប្រជាពលរដ្ឋដែលបានរងការខូចខាត និងមានមនុស្សរងគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ដោយសារតែស្ថានភាពមេឃងងឹត។ ក្រៅពីរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់នាល្ងាចថ្ងៃដដែលនេះ ខ្សែភ្លើងបណ្តាញចរន្តអគ្គិសនីនៅក្នុងឃុំថ្មី បានដាច់ទាំងស្រុងផងដែរ៕ 

ដកស្រង់ពី៖កោះសន្តិភាព