បណ្តាញសង្គម

ឃាត់ខ្លួន​បុរស​ម្ចាស់​ស្រែ ជាប់ចោទ​រាយ​ខ្សែ​លួសឆក់​កណ្តុរ បណ្តាល​ឲ្យ​ស្លា​.​ប់​មនុស្ស​ម្នាក់

ខេត្តព្រៃវែង ៖ សេចក្តីរាយការឲ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្តកិច្ចជំនាញស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាប ខឿន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា (បណ្តាលឲ្យជនរងគ្រោះមរណៈភាព) ។

សេចក្តីរាយការ បន្តថា កាលពីវេលាម៉ោង៨ នឹង៥០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលមូលដ្ឋាន ទទួលព័ត៏មាន ពីប្រជាពលរដ្ឋថា នៅចំណុចទំនុបក្បាលក្របី ស្ថិតនៅភូមិ តាង៉កទន្លេ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល មានមនុស្សប្រុសម្នាក់ ដេកស្លា.ប់ នៅក្នុងវាលស្រែ ។

ក្រោយពីទទួលព័ត៍មាននោះ កម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋាន បានសហការជាមួយគ្រូពេទ្យជំនាញ ចុះទៅធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងធ្វើកោសលវិច័យលើសាកសពជនរងគ្រោះ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ដេកស្លា.ប់នៅក្នុងស្រែ ។

នៅពេលសមត្តកិច្ច ធ្វើការពិនិត្យលើសាកសព ដោយរកឃើញថា មានស្នាមខ្លោចរលាត់ស្បែក ចំនួន ២កន្លែង (ចំកជើងខាងស្តាំ ១កន្លែង និងចុងភ្លៅ ខាងឆ្វេង១កន្លែង) វាជាស្នាមរបួសខ្លោច បណ្តាលមកពីឆក់ខ្សែលួស តភ្ជាប់អាំងវ៉ិចទ័រ និងអាគុយ សម្រាប់ឆក់កណ្តុរ ក្នុងស្រែ ។

បន្ទាប់ពីបានរកឃើញវត្ថុតាង ពាក់ព័ន្ធនឹងបទល្មើស បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងហើយ សមត្តកិច្ចបន្តការស្រាវជ្រាវ រកម្ចាស់ស្រែ ដើម្បីសាកសួរ ដែលម្ចាស់ស្រែនោះ មានឈ្មោះ ចាប ខឿន ។

ក្រោយធ្វើការសួរនាំ តាមជំនាញរបស់មត្ថកិច្ច រកឃើញភាពសង្ស័យជាច្រើន ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួន ក្រោយពេល ឃាត់ខ្លួន ម្ចាស់ស្រែឈ្មោះ ចាប ខឿន បានសារភាពថា រូបគាត់ពិតជាបានដាក់រាយខ្សែលួស តភ្ជាប់អាំងវ៉ិចទ័រ ចាប់អាគុយ ដើម្បីឆក់កណ្តុរ នៅក្នុងស្រែ ប្រាកដមែន ប៉ន្តែគ្មានបំណងដាក់សម្លាប់មនុស្សទេ នេះមកជាការធ្វេសប្រហែសបណ្តាលឲ្យឆក់ស្លាប់ជនរងគ្រោះយ៉ាងដូច្នេះ ។ ក្រោយពីស្តាប់ចម្លើយជនសង្ស័យពាក់ពន្ធទៅ នឹងអំពើមនុស្សឃាត ដោយអចេតនា សមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព