បណ្តាញសង្គម

បើករថយន្ត គេច​ពី​ដើមឈើ​រលំ​កាត់​ផ្លូវ ទៅបុក​រថយន្ត​មួយគ្រឿង បណ្ដាល​ឲ្យ​ខូចខាត​ជា​ដំណំ និង​របួសធ្ងន់​ម្នាក់ សំណាង​នាយប៉ុស្តិ៍ គេច​ផុតពី​គ្រោះថ្នាក់​

ខេត្តកំពង់ចាម៖ ភ្លៀងខ្យល់កន្ត្រាក់ ជាហេតុបណ្ដាលឱ្យរលំដើមឈើ ១ដើម កាត់ទទឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិអំពិល ឃុំខ្វិតធំ ស្រុកព្រៃឈរ។ ជាមួយនោះ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំង ចុះទៅកាប់ដើមឈើនោះចេញ ដើម្បីកុំអោយស្ទះចរាចរណ៍ តាមដងផ្លូវ លុះនៅវេលាម៉ោង២១ និង ៣០នាទី ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ចំណុចមុខផ្ទះ ឈ្មោះ សេក សុខន ក៏ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរវាងរថយន្ត និងរថយន្ដ បណ្ដាលឱ្យរងការខូចខាតជាទម្ងន់។

សំណាងនាយប៉ុស្តិ៍ គេចផុតពីគ្រោះថ្នាក់ ដោយមករបួសអ្នកបើកបររថយន្តកម្រិតធ្ងន់ ត្រូវបានបញ្ជូនមកសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា កម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វិតធំ បាននាំគ្នាកាប់ដើមឈើមួយដើម ដែលរលំមកលើផ្លូវថ្នល់ស្របពេល ដែលកំពុងបំពេញភារកិច្ចនោះ ក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-4076 បើកបរដោយឈ្មោះ សៀម វណ្ណៈ ភេទប្រុស អាយុ ៣៥ឆ្នាំនៅ ភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកក្នុងទិសដៅពីកើតទៅលិច ហើយបានគេចពីដើមឈើរលំកាត់ថ្នល់ បានបុករថយន្តម៉ាកFUSO (វ៉េអង) ពណ៌ក្រហមពាក់ស្លាកលេខព្រះសីហនុ3A-36960 បើកបរដោយឈ្មោះ ប្រុស ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងត្បូង សង្កាត់ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសពីកើតទៅលិច បញ្ច្រាសទិសគ្នាលាន់ដូចរន្ទះធ្វើឱ្យរថយន្តទាំង២គ្រឿង រងការខូចខាតជាដំណំ។

អធិការនគរបាលស្រុកព្រៃឈរ ប្រាប់បន្តថា រថយន្តនោះ បានជ្រុលមកកិនម៉ូតូ ០១គ្រឿងទៀត ម៉ាក suzuki smah ពណ៌ខ្មៅពាក់ស្លាកលេខ នគរបាល 1-9684 ម្ចាស់ឈ្មោះញឹម ឌឿន ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅភូមិដង្កោ ឃុំខ្វិតធំ ស្រុកព្រៃឈរ ឋានះនាយប៉ុស្ដិ៍ខ្វិតធំ ដែលឈប់នៅ ជាយថ្នល់ខាងជើង ហើយកំពុងឈរធ្វើចរាចរណ៍ ដោយមានបញ្ចាំងភ្លើងពិលលើកចុះលើកឡើងជាសញ្ញាដើម្បីឲ្យយានយន្ត ដែលចរាចរតាមដងផ្លូវបានឃើញ។

ប្រសិនណាបើរត់យន្តនោះមិនបើកជាដើមឈើគឺអាចនឹងមកបុកចំលោកនាយប៉ុស្តិ៍រដ្ឋបាល អាចនឹងបណ្ដាលឲ្យរងគ្រោះថ្នាក់ជាក់ជាមិនខាន។ នៅក្នុងហេតុការណ៍នោះ គឺមកពីមូលហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ កំពង់ចាម 3A.4076 គេចពីដើមឈើរលំកាត់ថ្នល់ ហើយបណ្ដាលអោយរបួសមនុស្សប្រុស ០១នាក់ធ្ងន់ (ឈ្មោះ សៀម វណ្ណៈ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រៅពីនេះ គឺខូចខាតម៉ូតូ ០១គ្រឿង និងរថយន្ត ០២គ្រឿង លក្ខណៈធ្ងន់។ ចំពោះវត្ថុតាងទាំង ០៣គ្រឿង ត្រូវបានជំនាញយកមករក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព