បណ្តាញសង្គម

ក្រុមក្មេងស្ទាវបើករថយន្តស្លាកលេខ ន.ប ប្រជែងតាមផ្លូវ ក្រឡាប់ផ្ងារជើង សំណាងល្អ របួសស្រាល

ភ្នំពេញ៖ ក្រុមក្មេងស្ទាវ មួយក្រុមមានគ្នា ៤នាក់ បើករថយន្តម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ន.ប ១៥៥៨ ក្នុងល្បឿន យ៉ាងលឿន បានប្រជែង រថយន្តមួយគ្រឿង នៅពីមុខ ស្រាប់តែវាក់អើ នឹងម៉ូតូមួយគ្រឿង មកពីខាងមុខ បណ្តាលឲ្យរេចង្កូត ធ្លាក់មកខាងឆ្វេងដៃ ក្រឡាប់ផ្ងារ ជើងតែម្តង ប៉ុន្តែសំណាងល្អ ក្រុមក្មេងស្ទាវទាំងនេះ ត្រឹមរងរបួសស្រាល ប៉ុណ្ណោះ ។


គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើងតាម បណ្តោយផ្លូវជាតិ លេខ១ ក្នុង ភូមិជ្រោយអម្ពិល២ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ ។ សាក្សីនៅកន្លែង កើតហេតុនិយាយថា រថយន្តមួយគ្រឿងនេះ ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅលិច ពោលចូលមក រាជធានីភ្នំពេញវិញ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់មុខហាង លក់កូនឈើ ស្រាប់តែប្រជែង រថយន្តនៅពីមុខ ក៏វាក់អើនឹងម៉ូតូ មកពីមុខផងដែរនោះ ក៏រេចង្កូតក្រឡាប់ ផ្ងារជើងតែម្តង។

តាមសាក្សី ក្រោយកើតហេតុ គេឃើញមាន សាច់ញាតិ របស់ក្មេង ទំនើងទាំងនេះ យករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ៥៧០ ពណ៌ត្រេអ៊ី ទៅយកពួកគេ ហើយថែមទាំងដោះ ស្លាកលេខនគរបាល ចេញពីរថយន្តដែល ក្រឡាប់នោះទៀតផង។យ៉ាងណាក៏ដោយនោះ សមត្ថកិច្ចដែលចុះទៅ អន្តរាគមន៍នៅកន្លែង កើតហេតុ មិនទាន់បានបញ្ជាក់ពី អត្តសញ្ញាណរបស់ អ្នកបើកបរនៅឡើយទេ៕

ដកស្រង់ពី៖ ដើមអម្ពិល