បណ្តាញសង្គម

ប៉ូលិសខណ្ឌដង្កោ ចាប់ចោរ និងអ្នកទទួល​ផលពីចោរ ៧នាក់

ភ្នំពញ៖ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស ខណៈពេលចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើស នៅក្នុងមូលដ្ឋាន បានឃើញជនសង្ស័យ ដែលជាមុខសញ្ញាចោរ ៣នាក់ ជាមុខសញ្ញាកាច់សោកម៉ូតូ និងគាស់ផ្ទះ។ ក្រោយមក ប៉ូលិស ក៏បានឃាត់ខ្លួនបានអ្នកទទួលផលពីចោរ ៤នាក់ទៀត។

ប្រតិបត្តិការនោះ បានធ្វើឡើង កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន រួមមាន ១,ឈ្មោះ នាង សារិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ។ ២,ឈ្មោះ យុង សីហា ភេទប្រុស អាយុ ២៨ឆ្នាំ។ ៣,ឈ្មោះ កង ណារិន ហៅ ដា ភេទប្រុស អាយុ ៣៨ឆ្នាំ។ ៤,ឈ្មោះ យុង ចិន្តា ហៅ ដា ភេទប្រុស អាយុ ៣២ឆ្នាំ។

៥,ឈ្មោះ រឿន យឺត ហៅ វែង ភេទប្រុស អាយុ ២០ឆ្នាំ ៦,ឈ្មោះ កែវ សុខជា ភេទប្រុស អាយុ ១៨ឆ្នាំ។ ទាំង ៦នាក់នេះ ស្នាក់នៅផ្ទះជួល ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និង៧,ឈ្មោះ រិទ្ធ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ។

នគរបាលបានឲ្យដឹងថា ក្រោយការធ្វើតេស្តលើជនសង្ស័យទាំង ០៧នាក់នេះ បានរកឃើញមានសារធាតុញៀន នៅក្នុងខ្លួន ហើយនៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះ កម្លាំងនគរបាលខណ្ឌដង្កោ និងនគរបាលប៉ុស្តិ៍ព្រៃស បានចេញល្បាតពួនស្ទាក់ បង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន ខណៈនោះ បានប្រទះឃើញជនសង្ស័យចំនួន ៣នាក់ កំពុងជិះម៉ូតូឌុបគ្នា កាត់វាលស្រែ ជិតភូមិម្ភៃបួន សង្កាត់ព្រៃស ដោយមានការសង្ស័យ កម្លាំងក៏ឃាត់សួរនាំ និងឆែកឆេរស្រាប់តែឆែកឃើញឧបករណ៍ សម្រាប់កាច់កម៉ូតូ ទើបកម្លាំងនគរបាលឃាត់ខ្លួន នាំយកទៅសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រៃស បន្ទាប់មក បានឈានដល់ការចាប់ខ្លួនបក្សពួក ៤នាក់ទៀតជាបន្តបន្ទាប់។ នគរបាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព