បណ្តាញសង្គម

បាត់​ខ្លួន​មួយ​យប់ ស្អែក​ព្រឹក​ឡើង ប្រទះឃើញ​អណ្តែត​ក្នុង​ទឹកអូរ

ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុសជំទង់ម្នាក់ គេប្រទះឃើញបាត់បង់ជីវិត ដោយអណ្តែតទឹកអូរតាសឹក ចម្ងាយ ១៥០០ម៉ែត្រ ខាងជើងភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំគំរូ បានឲ្យដឹងថា ក្មេងជំទង់រងគ្រោះ ឈ្មោះ សែន សាម ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រៃវែង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បើតាមការឲ្យដឹងពីឪពុកម្តាយ ក្មេងរងគ្រោះ ជាមនុស្សមានសតិមិនគ្រប់គ្រាន់ ហើយកើតជំងឺប្រចាំកាយ ស្កន់ នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ ត្រូវឪពុកម្តាយ បាននាំទៅចម្ការ ដោយឆ្លងអូរតាសឹក ដែលនៅចម្ងាយពី ១៥០០ម៉ែត្រ ខាងជើងភូមិព្រៃវែង។

លុះនៅវេលាម៉ោង ១រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្មេងរងគ្រោះបានសុំឪពុកម្តាយ ត្រឡប់មកផ្ទះវិញ ដោយដើរឆ្លងអូរ ម្នាក់ឯង ដែលមានជម្រៅប្រហែលជាង ០១ម៉ែត្រ ចម្ងាយប្រហែលជា ០៧ម៉ែត្រ។

នៅពេលឪពុកម្តាយ ត្រឡប់មកដល់ផ្ទះវិញ មិនឃើញកូន។ មកដល់ផ្ទះ ក៏នាំគ្នាដើររក តែរកមិនឃើញ លុះដល់វេលាម៉ោង ១២ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម្តាយបានប្រទះឃើញសពកូនអណ្តែតទឹក ទាក់នឹងគល់ឈើ ដែលនៅចម្ងាយពីកន្លែង ដែលតែងដើរឆ្លងទឹកចម្ងាយប្រហែលជា ១០ម៉ែត្រ ហើយក៏នាំគ្នាស្រង់ យកសពចេញពីទឹក។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ថា តាមការពិនិត្យរបស់ក្រុមការងារ ដែលមានកម្លាំងប៉ុស្ដិ៍ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក សហការជាមួយគ្រូរពេទ្យ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិធ្វើការពិនិត្យ លើសព ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសទេ។

ប៉ូលិសដាក់ការសង្ស័យថា នៅពេលដែលក្មេងរងគ្រោះ កំពុងដើរឆ្លងអូរ ស្រាប់តែជំងឺស្កន់នោះ រើ ប្រកាច់ក្នុងទឹកម្នាក់ឯង គ្មានអ្នកជួយ បណ្តាលលង់ទឹកអូរ ស្លាប់តែម្តង។ សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដកស្រង់ពី៖កោះសន្តិភាព