បណ្តាញសង្គម

រថយន្ត​ឡង់​គ្រី​ស័​រ បុក​រះ​កន្លែង​លក់​កាហ្វេ និង​នំប៉័ង​សាច់ ហើយ​ព្យាយាម បើក​រត់

ភ្នំពេញ៖ រថយន្តឡង់គ្រីស័រមួយគ្រឿង ខណៈអ្នកបើកបរ បានបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករះតូបលក់កាហ្វេ និងនំប៉័ងសាច់ បណ្តាលឲ្យខូចខាត។

បន្ទាប់មក រថយន្ដបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់គេច តាំងពីខណ្ឌពោធិ៍សែនជ័យ រហូតមកដល់ខណ្ឌដង្កោ ក៏ត្រូវសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុ ដេញឃាត់បានវិញ។

ហេតុការណ៍នេះដែរ បានកើតឡើង នៅវេលាម៉ោង ៥ និង ៣០នាទីព្រឹក នៅចំនុចផ្លូវបេតុងទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែន រាជធានីភ្នំពេញ។ រថយន្តបង្ក ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC 7758 បើកបរ ដោយស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណ។

សន្តិសុខ ដែលយាមនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បានបើករថយន្ត ឡង់គ្រីស័រ ស៊េរីទំនើប ពណ៌ស ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលពង្រ ក្នុងទិសដៅ ពីត្បូងទៅជើង ដោយមានរួមដំណើរជាមួយនឹងកូនតូច ២នាក់ លុះរថយន្ត ធ្វើដំណើរមកដល់កន្លែងកើតហេតុ ដែលជាផ្លូវកោង ក៏ស្រាប់តែរថយន្ត បួងចង្កូត មិនទាន់ ក៏ជ្រុលឡើងចិញ្ចើមផ្លូវ មុខផ្ទះល្វែង ជ្រុលទៅបុករះទូលក់នំប៉័ងសាច់ ហើយរុញផ្ទុបទៅបុកនឹងតូបលក់កាហ្វេ ដែលម្ចាស់ទុកនៅផ្ទះ បណ្តាលឲ្យរងការខូចខាត បែកបាក់ អស់សំភារៈមួយចំនួន។

តែសំណាងដែរ ដោយមិនមានគ្រោះថ្នាក់ដល់មនុស្ស។ ប្រភពដដែល បានបន្តទៀតថា នៅពេលដែលបង្កគ្រោះថ្នាក់ហើយ ស្ត្រីអ្នកបើកបររថយន្តនោះ មិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករថយន្ត ទាំងរងការខូចខាតផែ្នកខាងមុខ រត់គេច រហូតដល់ផ្លូវបេតុង ជិតវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ក៏ត្រូវសន្តិសុខ ដែលយាមនៅកន្លែងកើតហេតុ ជិះម៉ូតូដេញតាម ឃាត់រថយន្ដបង្កបានមកវិញ ។

ក្នុងហេតុការណ៍នេះដែរ នៅពេលដែលអង្គភាពសារព័ត៌មានមួយចំនួន បានថតរូបភាព ក៏ស្រាប់តែខាងរថយន្ត បានរារាំង មិនឲ្យថតរូបនោះទេ។ ក្រោយពេលកើតហេតុ មិនឃើញមានសមត្ថកិច្ចចូលរួមដោះស្រាយនោះទេ គឺមានតំណាងខាងរថយន្ត បានចេញមកសម្របសម្រួល ជាមួយនឹងម្ចាស់តូបកាហ្វេ និងតូបលក់នំប៉័ងសាច់ ដោយសន្យាជួយជួសជុល អោយស្អាតឡើងវិញ ហើយរបស់ណាជួសជុល មិនបាន គឺសងសំណង ជាលុយ ដើម្បីបញ្ចប់រឿង៕

ដកស្រង់ពី៖កោះសន្តិភាព