បណ្តាញសង្គម

ក្រុម​ក្មេង​ទំនើង ដេញ​វាយ​គ្នា រហូត​សមត្ថកិច្ច ផ្ទុះអាវុធ ២​គ្រាប់ ឃាត់​បាន ៣​នាក់​

ភ្នំពេញ៖ ក្មេងទំនើងមួយក្រុម ដេញវាយយុវជនមួយក្រុមទៀត មិនបាន ក៏ខឹងចិត្តកាប់រថយន្តរំសាយកំហឹង តែមិនមែនរថយន្តដៃគូជម្លោះឡើយ បែរជាកាប់រថយន្តប្រជាពលរដ្ឋ មិនដឹងរឿងអ្វី បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ផ្ទុះអាវុធ ២គ្រាប់ នៅវេលាម៉ោង ១ និង ៣០ នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នៅភូមិអ័រគីដេ ក្រោយផ្សារបឹងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ប្រភពពីភាគីទំនាស់ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានប្រាប់ថា មុនកើតហេតុ គឺពួកគាត់ បានជុំគ្នាជាមួយមិត្តភ័ក្ដិ ហូបចុក នៅមាត់ទន្លេត្រើយខាងកើត ខាងសណ្ឋាគារសុខា ហើយនាំគ្នាត្រលប់មកផ្ទះវិញ ដោយជិះរថយន្ត ចំនួន ២គ្រឿង មួយគ្រឿង ម៉ាកតូយ៉ូតាព្រូស និងមួយគ្រឿងទៀត ម៉ាក Lexus។

ខណៈពេលធ្វើដំណើរមកដល់ចំណុចស្តុបក្តាន់ពីរ គាត់បើករថយន្តចុចកញ្ចក់ ព្រោះគាត់ជក់បារី ចាក់ចម្រៀង និងនិយាយគ្នាលឺៗ នៅតាមផ្លូវ ក៏ប្រទះគ្នានឹងក្រុមជនបង្កមួយក្រុមទៀត ដែលមិនធ្លាប់ស្គាល់គ្នាទេ មានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូជាង ១០គ្រឿង និងមានរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ស៊េរីឆ្នាំ២០១០ បានមើលមុខឌឺដងគ្នា ស្រាប់តែក្រុមជនបង្ក បាននាំគ្នាដេញវាយពួកគាត់ ផ្អើលពេញផ្លូវ។

ដោយភ័យស្លន់ស្លោ ពួកគាត់ក៏ជិះរត់ ត្រលប់មកផ្ទះជួលវិញ និងយករថយន្ត ដាក់ចូលឃ្លាំងផ្ញើរ នៅជិតផ្ទះកើតហេតុ និងស្រែកឆោឡោថា «ចោរ» នាំអោយប្រជាពលរដ្ឋ ចេញមកជួយ។ ក្រុមក្មេងទំនើងទាំងនោះ ដេញវាយមិនបាន ក៏នាំគ្នា ត្រលប់ទៅវិញអស់។

មួយសន្ទុះក្រោយ ស្រាប់តែក្រុមក្មេងទំនើងទាំងនោះ ក៏ត្រឡប់មកវិញ ម្តងទៀត ប្រដាប់ដោយដាវ កាំបិត និងដុំថ្ម គ្រប់ដៃ នាំគ្នាសម្រុកមកម្តង ដេញកាប់ និងគប់ក្រុមបក្សពួកម្ខាងទៀត មិនបាន ក៏នាំគ្នាព្រួតកាប់រថយន្ត ២គ្រឿងរបស់ប្រជាពលរដ្ឋ ស្នាក់នៅក្នុងកន្លែងកើតហេតុ បណ្តាលឲ្យរងការខូចខាតបែកកញ្ចក់ទាំងសង្ខាង ព្រោះស្មានតែជារថយន្តបក្សពួកជម្លោះ។

ភ្លាមៗនោះ ស្របពេលកម្លាំងសមត្ថកិច្ច កំពុងល្បាត ក្នុងមូលដ្ឋាន ប្រទះឃើញហេតុការណ៍ បានធ្វើការអន្តរាគមន៍ ឃាត់។ តែក្រុមក្មេងទំនើង មិនព្រមសហការ សមត្ថកិច្ច ក៏សម្រេចចិត្ត បាញ់គំរាម ចំនួន ២គ្រាប់ និងឃាត់ខ្លួនជនដៃដល់បានចំនួន ៣នាក់ ដកហូតបានដាវ និងកាំបិត ចំនួន ២ដើម។

ជនដៃដល់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះ ជាម្ចាស់រថយន្ត ក៏បានទៅដាក់ពាក្យបណ្ដឹងផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព