បណ្តាញសង្គម

បុរស​៣​នាក់ ផឹកស៊ី​កណ្តាលផ្លូវ បើក​ភ្លេង​ឮ​ខ្លាំង ប៉ូលិស​នាំ​ចូល​ប៉ុស្តិ៍

រាជធានីភ្នំពេញ ៖ មុននេះបន្តិច ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះរូបភាព និងខ្លឹមសារ នៅយប់ថ្ងៃទី០៧ មិថុនា ២០២១នេះថា ក្រុមជួបជុំផឹកស៊ី ចាក់ធុងបាស់ បើកសំឡេងរំខានអ្នកជិតខាង នៅចំកណ្តាលផ្លូវលំ ភូមិព្រៃព្រីងខាងជើង១ សង្តាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាតំបន់ប្រឈមខ្ពស់ ក្នុងការឆ្លងរាលដាលវីរុសកូវីដ-១៩ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលដឹកនាំខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់និងនាំខ្លួនបុរសទាំង៣នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងសូមចូលរួមគោរពសិទ្ធអ្នកជិតខាង បើបើកបាស់ឮសំឡេងឆ្លង២ ឬ៣ផ្លូវអ៊ីចឹង តើនរណាអាចសម្រាកសម្រាន្តបាន ៕

ដកស្រង់ពី៖កោះសន្តិភាព