បណ្តាញសង្គម

ជម្លោះ​រវាង​ក្មេង​ទំនើង​២​ក្រុម ភាគី​ម្ខាង​ផ្ទុះអាវុធ​១​គ្រាប់ វាយ​ភាគី​ម្ខាង​ទៀត​រង​របួស

រាជធានីភ្នំពេញ ៖ ករណីក្រុមក្មេងទំនើងចំនួន ២ក្រុម មានជម្លោះនឹងគ្នា ឈានដល់ដេញវាយគ្នា បណ្តាលអោយឲ្យភាគីម្ខាង ដែលមានគ្នា២នាក់ រងរបួសក្បាល និងបាក់ធ្មេញ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០២និង៤៥នាទីអធ្រាត្រឈានចូលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងរបងមន្ទីរពេទ្យកាល់ម៉ែត្រ ផ្លូវលេខ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះមិនមែនជាករណីប៉ុនប៉ងប្លន់នោះទេ គឺជាករណីទំនាស់រវាងក្រុមក្មេងទំនើង២ក្រុម ។

បើតាមដំណើររឿង គឺភាគីជនរងគ្រោះ បាននាំគ្នាចេញពីកន្លែងផឹកស៊ីមួយ នៅត្រើយម្ខាង ម្តុំសួនកម្សាន្តជ្រោយចង្វារ ដោយភាគីក្រុមជនរងគ្រោះ មានទំនាស់ជាមួយក្រុមជនសង្ស័យ តាំងពីរង្វង់មូលតាព្រហ្ម ត្រើយខាងកើត រួចក៏ជិះម៉ូតូចុះពីលើស្ពានជ្រោយចង្វារមកផ្ទះ ប៉ុន្តែត្រូវក្រុមជនល្មើសមានគ្នាប្រហែលជា ៦នាក់ ភេទប្រុស ជិះម៉ូតូចំនួន៤គ្រឿង ដេញតាមរហូត ក្រុមជនរងគ្រោះ ក៏បាននាំគ្នាជិះម៉ូតូវ៉ាក្រុមជនសង្ស័យ លុះមកដល់ចំណុចផ្លូវ៨០ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រុមជនសង្ស័យ ក៏បាននាំគ្នាដេញពីក្រោយធ្វើឲ្យក្រុមជនរងគ្រោះភ័យនាំគ្នាផ្តួលម៉ូតូរត់គេចខ្លួនចូលក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ភ្លាមនោះក្រុមជនសង្ស័យ ក៏ផ្ទុះអាវុធមួយគ្រាប់ឡើងលើ រួចក៏នាំគ្នាចូលទៅវាយក្រុមជនរងគ្រោះបណ្តាលឲ្យបែកក្បាល និងបាក់ធ្មេញ បន្ទាប់មកក្រុមជនសង្ស័យ ក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ ។

ក្រោយកើតហេតុ កម្លាំងនៃអធិការនគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក សហការជាមួយកម្លាំង នៃការិយាល័យព្រហ្មទណ្ឌក្រុង ចុះដល់កន្លែងកើតហេតុភ្លាម រកឃើញសំបកគ្រាប់អាវុធខ្លី០១គ្រាប់ផងដែរ ទុកជាវត្ថុតាង ដើម្បីធ្វើការស្រាវជ្រាវរកជនល្មើស មកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដកស្រង់ពី់កោះសន្តិភាព