បណ្តាញសង្គម

សុខ​ៗ​ដើរមក​សួរ​ថា មាន​ឃើញ​ប្រពន្ធ​អញ​អត់ លុះ​ឆ្លើយ​ថា​អត់​ឃើញ ទាញ​កាំបិត​កា​.​ប់​ក្បាល

រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវរងរបួសក្បាលធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីមានបុរសម្នាក់ផ្សេងទៀតទៅសួរនាំរឿងឃើញប្រពន្ធឬអត់? ហើយបុរសរងគ្រោះគ្រាន់តែឆ្លើយថា មិនឃើញសោះ ត្រូវភាគីដែលសួរកាន់កាំបិតប៉័ងតោកា.ប់មួយកាំបិតចំក្បាលបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្តង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមានឈ្មោះ ផេង លាងង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ ពៅ ចំរើន ហៅខ្លី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៦២០ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

តាមការអោយដឹងពីលោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលច្បារអំពៅទី២ អោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះកំពុងនៅខាងមុខផ្ទះ ស្រាប់តែពេលនោះជនសង្ស័យបានដើរមកផ្ទះជនរងគ្រោះ ដោយមានកាន់កាំបិតប៉័ងតោជាប់នឹងដៃផងនោះ រួចក៏យកទៅគោះតុខ្លាំងៗ ហើយស្រែកគំហកដាក់ជនរងគ្រោះថា «មានឃើញប្រពន្ធអញ់ឬអត់?»

ពេលនោះជនរងគ្រោះឆ្លើយវិញថា «មិនបានឃើញទេ» រហូតក៏កកើតជាជម្លោះពាក្យសម្តីគ្នា លុះមិនបានប៉ុន្មានផង ជនសង្ស័យក៏ស្ទុះទៅកា.ប់ជនរងគ្រោះមួយកាំបិតចំក្បាល បណ្តាលអោយហូរឈាមស្រោចពេញខ្លួនរងរបួសធ្ងន់តែម្តង ។ប្រភពដដែលបន្តថា បន្ទាប់ពីធ្វើសកម្មភាពកា.ប់លើជនរងគ្រោះរួច ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ហើយកម្លាំងនគរបាលក៏បានចុះដល់កន្លែងកើតហេតុភ្លាមៗ រួចធ្វើការបញ្ជូនខ្លួនជនសង្ស័យយកទៅកាន់ស្នាក់ការប៉ុស្តិ៍នគរបាល ដើម្បីបន្តនីតិវិធី ។

ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារសាច់ញាតិ ដឹកយកទៅព្យាបាលរងរបួសផងដែរ ។លោកនាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បញ្ជាក់ថា ជនសង្ស័យ និងជនរងគ្រោះ គឺជាមនុស្សស្គាល់គ្នាយូរមកហើយ ហើយមិននឹកស្មានថាផ្តើមចេញពីរឿងដើររកប្រពន្ធខ្លួនឯងមិនឃើញសោះ បែរជាឈានដល់ការប្រើហិ.ង្សាកា.ប់គេឯងបែបនេះ ។ លោកបញ្ជាក់ថា ជនសង្ស័យក៏មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព