បណ្តាញសង្គម

កម្មការិនី​រោងចក្រ​ម្នាក់​ទើប​ចេញពី​ធ្វើការ​ជួប​គ្រោះ អស់ទាំង​លុយ​ជាង​៣​ពាន់​ដុល្លារ

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីជាកម្មការិនីរោងចក្រ និងជាអ្នកចងការប្រាក់ផង បានរងរបួសធ្ងន់ដោយបាក់ឆ្អឹងដងកាបិត ហើយអស់ទាំងលុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃ និងឯកសារមួយចំនួនទៀត ខណៈពេលដែលជិះម៉ូតូចេញពីរោងចក្រឆ្ពោះទៅផ្ទះ ហើយក៏ត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកកាបូបស្ពាយតាមផ្លូវ បណ្តាលឱ្យដួលច្រងាប់ច្រងិល ចំណែកជនសង្ស័យក៏គេចបាត់ស្រមោលអស់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខវិទ្យស្ថានស្រាវជ្រាវកសិកម្ម ចំណុចភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ យិន ធី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ អូរលីវ និងជាអ្នករកស៊ីចងការប្រាក់នៅក្នុងរោងចក្រផងដែរ មានទីលំនៅភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានជិះម៉ូតូម៉ាកហុងដាគុបជ្រុង៩០ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1FK-3378 ជាមធ្យោបាយ ។

ចំណែកសម្ភារៈដែលបាត់បង់ បើតាមស្ត្រីរងគ្រោះគ្រាន់តែប្រាប់ថា លុយជាង៣០០០ដុល្លារ ទូរស័ព្ទដៃ I phone 11pro មួយគ្រឿង និងឯកសារមួយចំនួនទៀត ។តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការរោងចក្រកាត់ដេរ អូលីវ ស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ដោយធ្វើដំណើរឆ្ពោះទៅផ្ទះវិញ តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម តាមពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីជនរងគ្រោះបានសម្រេចតែម្តង។

ប្រភពដដែលបន្តថា ហើយពេលនោះក៏មានម៉ូតូមួយគ្រឿងផ្សេងទៀតមិនចាំម៉ាក បានតាមពីក្រោយជនសង្ស័យដែរ បន្ទាប់មកក៏ធ្វើឲ្យស្ត្រីរងគ្រោះដួល បណ្តាលឱ្យរងរបួសបាក់ឆ្អឹងដងកាំបិតស្តាំ ថែមទាំងអស់លុយជាង៣០០០ដុល្លារទៀត ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយលើកដាក់លើគ្រែរោងប៉ះកង់ បន្ទាប់រថយន្តសង្គ្រោះរបស់គ្លីនិកបានមកដល់ ដើម្បីដឹកជនរងគ្រោះទៅព្យាបាល ប៉ុន្តែទោះបីជារថយន្តគ្លីនិកហៅឡើងលើរថយន្តក៏ដោយ ក៏ជនរងគ្រោះមិនព្រមទៅដែរ សុខចិត្តហៅក្រុមគ្រួសារមកដឹកតាមរថយន្តផ្ទាល់ខ្លួនយកទៅពេទ្យដោយខ្លួនឯង ។

ក្រោយមកនៅកន្លែងកើតហេតុ ក៏វត្តមានសមត្ថកិច្ចបានចុះទៅសាកសួរជុំវិញរឿងហេតុខាងលើដែរ តែដោយសារជនរងគ្រោះក្នុងសភាពរបួសធ្ងន់ផងនោះ ទើបការដាក់ពាក្យបណ្តឹងមានតែរង់ចាំនៅពេលក្រោយ ៕

ដកស្រង់ពី៖កោះសន្តិភាព