បណ្តាញសង្គម

ឥទ្ធិពល​គ្រឿងញៀន! កូន​អកតញ្ញូ​ម្នាក់ វាយបំផ្លាញ​ទ្រព្យសម្បតិ្ត ក្នុងផ្ទះ ម្ដាយ​ស៊ូ​ទ្រាំ​លែងបាន ប្ដឹង​សមត្ថកិច្ច ចាប់​ដាក់គុក​

ភ្នំពេញ៖ កូនប្រុសអកតញ្ញូម្នាក់ ដោយសារតែឥទ្ធិពលនៃគ្រឿងញៀន បានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាតយ៉ាងដំណំ។ ដោយស៊ូទ្រាំនឹងទង្វើរបស់កូនមិនបាន ម្តាយបានប្តឹងសមត្ថកិច្ចមូលដ្ឋានកងអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ម៉ោញ សារឿន ភេទស្រី អាយុ ៦៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីជនបង្កជាកូនប្រុសរបស់គាត់ ជាមនុស្សប្រើប្រាស់គ្រឿងញៀន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារ ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៨ព្រឹក នៅក្លឹបហាត់ប្រាណ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចមក លោកបានចាត់តាំងកម្លាំង ចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យ ម្នាក់ ជាកូនបង្កើតឈ្មោះ កែវ រិទ្ធី ភេទប្រុស អាយុ ២៦ឆ្នាំ នាំយកមកបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំអំពីរឿងហេតុ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានរៀបរាប់ថា បច្ចុប្បន្នខ្លួនរស់នៅជាមួយម្ដាយ ហើយរូបខ្លួនតែងតែប្រើប្រាស់គ្រឿងញៀន ជាប្រចាំ។

ពេលខ្លះ ខ្លួនគ្មានលុយទិញគ្រឿងញៀន មកប្រើប្រាស់ ខ្លួនតែងតែគំរាមកំហែងម្ដាយ យកលុយទៅទិញគ្រឿងញៀន។ នៅថ្ងៃទី២០ ខែមិថុនានេះ ពេលខ្លួន សុំលុយម្ដាយមិនបាន ទើបធ្វើឱ្យខ្លួនមានកំហឹង ហើយខ្លួនបានយកញញួរវាយបំបាក់សំយ៉ាបផ្ទះ ដើម្បីយកដែក និងស័ង្កសី ទៅលក់ ទិញគ្រឿងញៀន មកជក់។

ប៉ុន្តែក្នុងពេលកំពុងវាយបំផ្លាញ ស្រាប់តែកម្លាំងអាវុធហត្ថ មកឃាត់ខ្លួនតែម្ដង។ដោយផ្អែកលើពាក្យបណ្ដឹងរបស់ម្ដាយ និងផ្អែកលើការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីចាត់ការតាមនីតិវិធីហើយដែរ៕

ដកស្រង់ពី៖កោះសន្តិភាព