បណ្តាញសង្គម

នគរបាល​សង្កាត់​ត្រពាំង​ក្រសាំង ឃាត់​ជនសង្ស័យ ២​នាក់​ បន្ទាប់ពីឆក់​ស្ត្រី​ម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលសង្កាត់ត្រពាំងក្រសាំង បានល្បាតក្នុងមូលដ្ឋាន ក៏ឃើញបុរស ២នាក់ ក្នុងករណីឆក់ស្ដ្រីម្នាក់។ សមត្ថកិច្ច បានជិះតាម ស្រាប់តែធ្លាក់ជនសង្ស័យម្នាក់ តែជនសង្ស័យម្នាក់ទៀត មិនព្រមឈប់ ត្រូវបានសមត្ថកិច្ច ដេញឃាត់ រហូតចាប់បានភ្លាមៗ។

ហេតុការណ៍នោះ បានបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យទី១ មានឈ្មោះ អេង វ៉ាន់ដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរនាក់ម៉ៅការសំណង់ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យទី២ ឈ្មោះ រ៉េត ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាអ្នកលើកកាតុង ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិក្រវាញ ឃុំប៉ាងឹល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនសង្ស័យទាំង ២នាក់ ជិះម៉ូតូម៉ាកស៊ុយសូគី និច ពណ៌ស សេរី២០២០ពាក់ស្លាកលេខ ភ្នំពេញ 1IA-2793។ សមត្ថកិច្ចនគរបាលសង្កាត់ត្រពាំងក្រសាំង បានអោយដឹងថា បន្ទាប់ពីស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ហាន់ សូដានី អាយុ ៥១ឆ្នាំ មុខរបរលក់បន្លែ នៅផ្សារសាមគ្គី ភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែន ត្រូវជនសង្ស័យមួយក្រុម ឆក់កាបូប បានសម្រេចអស់លុយចំនួនជាង ៥០ម៉ឺនរៀល នៅតាមបណ្តោយផ្លូវ មហាវិថីឈ្នះឈ្នះ ហៅផ្លូវទំនប់កប់ស្រូវ ដែលស្ថិតនៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ៨យប់ថ្ងៃទី២០មិថុនា ដោយគាត់បានធ្វើដំណើរទៅទិញបន្លែនៅផ្សារជម្ពូវ័ន។

បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ត្រពាំងក្រសាំង បានទទួលពាក្យបណ្ដឹងភ្លាមៗ លោកនាយប៉ុស្តិ៍នគរបាល បានអោយកំលាំងចុះល្បាតក្នុងមូលដ្ឋាន ដើម្បីមើលភិនភាគជនសង្ស័យ នៅតាមមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែកំលាំងសមត្ថកិច្ច បានឃើញបុរស ២នាក់មានការសង្ស័យបានឃាត់សួរនាំក៏ប៉ុន្ដែជនសង្ស័យ២នាក់នោះ បានបើកម៉ូតូរត់គេចពីសមត្ថកិច្ចធ្វើឲ្យកំលាំងសមត្ថកិច្ចដេញប្រផាត់ប្រភីងធ្វើឲ្យធ្លាក់ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ចំណែកអ្នកបើកម៉ូតូ មិនព្រមឈប់បានជិះបន្ថែមល្បឿន តែត្រូវបានកងកម្លាំងសមត្ថកិច្ចជាច្រើនប៉ុស្តិ៍ដេញឃាត់បាននៅផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ យកទៅសួរនាំ។ បន្ទាប់ពីការសួរនាំ ជនសង្ស័យទាំង ២នាក់ មិនបានឆ្លើយសារភាពថា ខ្លួនបានប្រព្រឹត្តិករណីឆក់ស្ដ្រីម្នាក់នោះទេ។

តាមការចង្អុលបង្ហាញពីជនរងគ្រោះ ក្នុងចំណោមជនសង្ស័យទាំង ២នាក់ខាងលើ ក្នុងនោះមានម្នាក់ បានធ្វើសកម្មភាពឆក់ស្ដ្រីរងគ្រោះពិតប្រាកដមែន។ ក្រោយពេលកើតហេតុ បន្ទាប់ពីជនរងគ្រោះចង្អុលបង្ហាញភ្លាមៗ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង កសាងសំណុំរឿង បញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធីបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព