បណ្តាញសង្គម

សុទ្ធតែជាមន្ត្រីយោធានិងនគរបាល​​ដែល​ត្រូវ​ឃាត់​​​ខ្លួន​​នេះ​!

ខេត្តមណ្ឌលគិរី ៖ ទីបំផុត បន្ទាប់ពីមានការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅតំបន់អូរហ៊ុចជាលើកទី២ ពីសំណាក់មន្ត្រីជំនាញខេត្តមណ្ឌលគិរី បានឈានដល់ការឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលសុទ្ធតែជាកងកម្លាំងយោធា និងនគរបាលមានតួនាទីការពារតំបន់នោះ ។

តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចធ្វើការចោទប្រកាន់ទៅលើជនសង្ស័យចំនួន១២នាក់ហើយ ក្នុងនោះមានជនជាតិវៀតណាមចំនួន២នាក់ផងដែរ តែបានគេចខ្លួនបាត់ទៅហើយ ។

លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់នៅល្ងាចថ្ងៃទី២៦ មិថុនាថា សំណុំរឿងនេះបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ ដោយតំណាងអយ្យការបានសម្រេចចោទប្រកាន់ទៅលើជនសង្ស័យ១២នាក់ បញ្ជូនទៅឃុំខ្លួន៩នាក់ ចំណែកជនសង្ស័យ៣នាក់ផ្សេងទៀត ក្នុងនោះជនជាតិខ្មែរម្នាក់ និងជនជាតិវៀតណាម២នាក់ បានគេចខ្លួន ។

លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា មនុស្សទាំង៩នាក់ដែលមន្ត្រីជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការក្នុងបទល្មើសព្រៃឈើនៅចំណុចអូរហ៊ុច មានដូចខាងក្រោមនេះ៖ ១-លោក អ៊ុក ណាខៃ មេបញ្ជាការ គ២ នៃវរសេនាតូចលេខ២ ។ ២-លោក ឡឹក ញែក បញ្ជាការរងទទួល ខ២ ខ៣ ។ ទី៣-លោក វ៉ាន់ ចន្ធារី មេបញ្ជាការ ខ២ ប្រចាំការនៅចំណុចអូរហ៊ុច ។ ៤-លោក លាង ភារ័ត្ន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច ។

៥-លោក ព្រុំ វណ្ណៈ នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច ។ ៦-លោក ផាត សុខឡេង នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូរហ៊ុច ។ ៧-ឈ្មោះ អ៊ាង ចាន់ឌី មន្ត្រីទទួលបន្ទុកការងារវិស្វកម្មស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែន ។

៨-លោក ឌួង ចាន់វីរៈ ជាមន្ត្រីយោធា និង៩-លោក ផន សុផល ជាយោធា ។លោក កែវ សុភគ៌ បន្តថា មុនឈានដល់ការបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិមួយករណីនេះ រហូតឃាត់ខ្លួនអ្នកពាក់ព័ន្ធបន្តបន្ទាប់ គឺមន្ត្រីឧទ្យានុរក្សបានល្បាតប្រទះឃើញគំនរឈើជាច្រើន នៅចំណុចអូរហ៊ុច ស្ថិតភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

បន្ទាប់មកនៅថ្ងៃទី១៩ មិថុនា ២០២១ ក្រុមការងារចម្រុះថ្នាក់ខេត្ត ថ្នាក់ស្រុក និងកម្លាំងការិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដឹកនាំដោយលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារង បានចុះទៅបង្ក្រាបដល់ទីតាំងផ្ទាល់ ។ពេលកំពុងធ្វើដំណើរចុះប្រតិបត្តិការមកដល់ចំណុចស្ពានអូរហ៊ុច មានអេស្កាវ៉ាទ័រចំនួន២គ្រឿង និងរថយន្តបែនដឹកដី១គ្រឿងរបស់កងវិស្វកម្ម បានចតតំរៀបសងខាងផ្លូវ ដែលធ្វើឱ្យក្រុមការងារពិបាកឆ្លងកាត់ដោយសារមានភាពចង្អៀត និងស្ថានភាពផ្លូវរអិល ។

បន្ទាប់មកក៏មានរថយន្ត បែនដឹកដី១គ្រឿងទៀត ពាក់ផ្លាកលេខខេមរភូមិន្ទ 02-3-9535 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មកចតដាក់កាត់ទទឹងផ្លូវ ក្នុងគោលបំណងធ្វើឱ្យរាំងស្ទះដល់ការបំពេញភារកិច្ចទៀតផង ។

លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចអូរហ៊ុចនេះ ក្រុមការងារបានពិនិត្យ និងប្រទះឃើញមានស្នាមដានត្រាក់ទ័រអូសដឹកឈើឆ្លងកាត់ព្រំដែនចូលទៅប្រទេសវៀតណាម និងប្រមូលបានវត្ថុតាងជាច្រើនដូចជាគំនរឈើមូល និងឈើអារប្រភេទលេខ១ (ស្រឡៅ និងសុក្រម) ចំនួន២៥២កំណាត់ ត្រាក់ទ័រចំនួន២គ្រឿង ម៉ូតូចំនួន២គ្រឿង រណារយន្តម៉ាក៣៨ មួយគ្រឿង និងជំរុំអារឈើចំនួន៦កន្លែង ពុំមានមនុស្សរស់នៅទេ ហើយក្រុមការងារបានធ្វើការរុះរើបំផ្លាញចោល ។

លោក កែវ សុភគ៌ បានឲ្យដឹងទៀតថា តាមការពិនិត្យ អង្កេតស្ថានភាពភូមិសាស្ត្រទីតាំងកើតហេតុ និងកន្លែងអូស ដឹកឈើ ឆ្លងអូរចូលប្រទេសវៀតណាម គឺមានចម្ងាយត្រឹមតែ៦០០ម៉ែត្រ ទៅ៨០០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្តិ៍នគរបាល និងប៉ុស្តិ៍យោធាការពារព្រំដែនគោកអូរហ៊ុច ។

សូមបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង១២នាក់ដែលត្រូវបានចោទប្រកាន់និងឃុំខ្លួនដោយតំណាងអយ្យការរួមមានជនសង្ស័យជនជាតិវៀតណាមចំនួន២នាក់ ឈ្មោះ ប៉ិក (គេចខ្លួន) និងឈ្មោះ ជី (គេចខ្លួន) និងបក្ខពួកពីបទកាប់ ប្រមូលដឹកជញ្ជូនធនធានធម្មជាតិនាំចេញផល អនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណ ។ សម្រេចចោទប្រកាន់រួមមាន១-ឈ្មោះ អ៊ុក ណាខៃ ។ ២-ឈ្មោះ ឡឹក ញែក។ ៣-ឈ្មោះ វ៉ាន់ ចន្ធារី ។ ៤-ឈ្មោះ លាង ភារ័ត្ន ។ ៥-ឈ្មោះ ព្រំ វណ្ណៈ ។ ៦-ឈ្មោះ ផាត់ សុខឡេង ។ ៧-ឈ្មោះ អ៊ាង ចាន់ឌី ។

៨-ឈ្មោះ ផន សុផល ។ ៩-ឈ្មោះ ដួង ចាន់វីរ: ចោទប្រកាន់ពីបទរួមគំនិតក្នុងអំពើនាំចេញផលអនុផលព្រៃឈើដែលគ្មានអាជ្ញាប័ណ្ណ ធ្វើសកម្មភាពទាំងឡាយណាដើម្បីធ្វើអន្តរាគមន៍ផ្តល់ការអនុញ្ញាតដោយផ្ទាល់ និងដោយប្រយោល ជួយដល់អាជីវកម្មព្រៃឈើ ជួយសម្រួលក្នុងការចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយលបលាក់ ។

ជនសង្ស័យទាំង៩ខាងលើត្រូវបានតំណាងអយ្យការស្នើសុំឃុំខ្លួនហើយ) ។ ចំណែកជនទី១០-ឈ្មោះ ម៉ែន ធឹម (អ្នកបើកបររថយន្តរបស់បញ្ជាការវិស្វកម្ម មិនចូលខ្លួនមកបំភ្លឺ ចោទប្រកាន់ពីបទចាត់វិធានការសំដៅរារាំងការអនុវត្តច្បាប់ ។ និយាយខ្លី គឺពួកគេបើកដៃឱ្យយួនចូលកាប់ឈើដឹកឈើចេញដោយលួចលាក់ ចែកគ្នារស់ដែលគិតថា គ្មានអ្នកណាដឹង…ពេលនេះដេកគុកហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព