បណ្តាញសង្គម

ធ្លាប់មាន​ទំនាស់​គ្នា ឃើញ​មុខ​ទាញ​កាំបិត​ផ្គាប់​កាប់ រងរបួស អ្នកឈ្នះ​ជាប់​ខ្នោះ អ្នកចាញ់​ដេកពេទ្យ

កណ្តាល៖ ករណីហិង្សាមួយ បានកើតឡើង បណ្តាលអោយបុរសម្នាក់ រងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហិង្សានេះ គើតឡើង ដោយសារធ្លាប់មានទំនាស់គ្នា ឃើញមុខទាញកាំប៊ិតផ្គាប់កាប់តែម្តង។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង ៣០នាទី នៅចំនុចទំនប់តាកុលភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ជនរងគ្រោះ ឈ្មោះ ឃួន ចន្តា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះ ត្រូវរបួសខ្នង។

ជនសង្ស័យ ឈ្មោះ ស៊ុំ ផានិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ក្នុងភូមិ ព្រែកតាមែ ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ នគរបាលស្រុកពញ្ញាឮ បានអោយដឹងថា នៅថ្ងៃទី២៧មិថុនា ជនរងគ្រោះឈ្មោះ ឃួន ចន្តា បានជិះម៉ូតូ ម៉ាក Air BLADE ពណ៌ខ្មៅ ចេញពីផ្ទះតែម្នាក់ឯង ដើម្បីយកទឹកសុទ្ធ ឲ្យពូ ឈ្មោះ ពូន ស៊ីណាន និង ពូ ឈ្មោះ សាន ចាន់ណា ដែលកំពង់រៀបចំបូមទឹក នៅទំនប់តាកុល។

លុះពេលជនរងគ្រោះជិះម៉ូតូដល់កន្លែងកើតហេតុ ជនរងគ្រោះ បានឈប់ម៉ូតូ ហើយចាក់កែបម៉ូតូ ដើម្បីយកទឹកសុទ្ធឲ្យពូ ខណៈពេលនោះ ស្រាប់តែជនសង្ស័យ ឈ្មោះ ស៊ុំ ផានិត បានយកកាំបិតផ្គាក់ពីក្នុងរោងរបស់បងប្រុសបង្កើតឈ្មោះ ស៊ុំ សុភ័ក្រ កាប់ទៅលើជនរងគ្រោះ ពីក្រោយចំនួន ០១កាំបិតផ្គាក់ បណ្តាលអោយត្រូវខ្នងផ្នែកខាងស្តាំ រងរបួស ហូរឈាម។

បន្ទាប់មក ជនរងគ្រោះ បានមកប្តឹងនគរបាលប៉ុស្តិ៍កំពង់អុស។ ភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

ដសក្រង់ពី៖កោះសន្តិភាព