បណ្តាញសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ​លួច​ដាំដំណាំ​កញ្ឆាខុសច្បាប់ នៅស្រុក​គិរីវង់

ខេត្តតាកែវ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក អុល សំអឿន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចុះរុករកការដាំកញ្ឆាខុសច្បាប់ នៅចំណុចជួរភ្នំទទឹង ក្នុងភូមិសាស្ត្រ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។

កម្លាំងកងរាជអាវុធហត្ថស្រុកគិរីវង់ បានរុករកឃើញទីតាំងចំនួន១ទីតាំង (ផ្ទៃដីចំនួន១៨៥ម៉ែត្រការ៉េ) មានដាំកញ្ឆាស្រស់ ចំនួន៣២០ដើម ឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ លា បុល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដោយឡែក នៅវេលាម៉ោង០៧ និង៣០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការចូលរួមសហការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ បានឡើងរុករកនិងកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១១ទីតាំង លើផ្ទៃដីប្រមាណ ២,៨១៨ម៉ែត្រក្រឡា និងបំផ្លាញអាងស្តុបទឹកសិប្បនិម្មិត ០៩អាង នៅចំណុចដុបថ្មចង្ក្រាន ស្ថិតនៅភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ចំពោះជនល្មើសលួចដាំដំណាំកញ្ឆា កម្លាំងនគរបាលខេត្តតាកែវ កំពុងបន្តស្រាវជ្រាវស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព