ភ្នំពេញ ៖ ស្ដ្រីវ័យ ៥០ឆ្នាំម្នាក់ បានជិះម៉ូតូឌុប មកលោតទឹក នៅស្ពាន ព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែសំណាង ល្អ បានអ្នកនេសាត នៅក្រោមស្ពាន ចេញទូកជួយ សង្គ្រោះទាន់ពេលវេលា ។
យោងតាម មន្ដ្រីនគរបាល ដែលយាមប្រចាំការ នៅស្ពាន ព្រះមុនីវង្សចាស់ បានឱ្យដឹង ថា មុនពេលកើតហេតុ គេបានឃើញ ស្ដ្រីរងគ្រោះ ជិះម៉ូតូក្នុងទិសដៅ ពីកើតទៅលិច លុះ ពេលជិះមកដល់ ពាក់កណ្ដាលស្ពាន ស្រាប់តែ ឱ្យម៉ូតូឌុបឈប់ រួចហើយក៏លោត ចូលទៅក្នុងទឹក តែម្ដងទៅ ។
ភ្លាមៗនោះ អ្នកនេសាទនៅ ក្រោមស្ពាន ព្រះមុនីវង្សចាស់ បានចេញទូក ជួយអន្ដរាគមន៍ ស្រង់យកមក ដាក់លើគោក ហើយក៏ត្រូវ សមត្ថកិច្ចជួយដឹក បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ ខណ្ឌមានជ័យ ។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹង ពីអត្ដសញ្ញាណ របស់ស្ដ្រីរងគ្រោះ និងមូលហេតុ ដែលនាំឱ្យ រូបគាត់ដាច់ចិត្ដ មកលោតទឹក សម្លាប់ខ្លួនយ៉ាងនេះដែរ ៕
ៈ
ដកស្រង់ពី៖ ដើមអម្ពិល