បណ្តាញសង្គម

ឪពុកចុង​សារភាព​ថា យក​ជង្គង់​អុក​លើ​ដើមទ្រូងកូនស្រី​អាយុ​២​ឆ្នាំ​ស្លា​.​ប់ ព្រោះ​ខឹង​វាយ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ខ្លួន

រាជធានីភ្នំពេញ ៖ ក្រោយកើតមានរឿងហេតុ ដែលឪពុកចុងអះអាងថាដួលសង្កត់លើកូនស្រីអាយុ២ឆ្នាំស្លា.ប់នោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះឃាត់ខ្លួនបុរសជាឪពុកចុងនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ២ ធ្វើការសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុក លើដើមទ្រូង កុមារីរងគ្រោះ បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ម៉េង វិមានដារ៉ា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា កាលពីវេលាម៉ោង១និង១៥នាទីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជនរងគ្រោះឈ្មោះ នន ស្រីនិច ភេទស្រី អាយុ០២ ឆ្នាំ និងជនសង្ស័យជាឪពុកចុងឈ្មោះ សុខ រដ្ឋា អាយុ២៩ឆ្នាំ បាននៅក្នុងផ្ទះជួលតែ០២នាក់ ខណៈនោះក្មេងស្រីរងគ្រោះ បានវាយក្បាល និងយកជើងធូបចាក់ភ្នែកជនសង្ស័យ ភ្លាមនោះជនសង្ស័យខឹង ក៏បានចាប់ជនរងគ្រោះ វាយលើខ្លួនប្រាណ និងយកជង្គង់អុកលើដើមទ្រូង បណ្ដាលឲ្យរបួសធ្ងន់ធ្ងរ ហើយក៏បាននាំកុមារី ទៅឲ្យជីតាឈ្មោះ ម៉ី ថុល ដោយភូតកុហកថា រូបគេរអិលជើងដួលក្នុងបន្ទប់ទឹក សង្កត់លើក្មេងរងគ្រោះបណ្ដាលឲ្យស្លាប់ ហើយជីតាក្មេងរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត ក្នុងនោះក៏មានការចូលរួមពីមន្ត្រីអង្គការការពារកុមារ បានពិនិត្យលើសាកសពជនរងគ្រោះ ឃើញមានស្នាមជាំខ្លួនប្រាណជាច្រើនកន្លែង មិនអាចរអិលជើងដួលសង្កត់លើដូចការអះអាងរបស់ជនសង្ស័យនោះទេ ។

បន្ទាប់ពីសាកសួរតាមជំនាញរបស់សមត្ថកិច្ច អស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យឈ្មោះ សុខ រដ្ឋា ព្រមឆ្លើយសារភាពថា រូបគេពិតជាបានវាយ និងយកជង្គង់អុកលើដើមទ្រូងជនរងគ្រោះបណ្តាលឲ្យស្លាប់ពិតប្រាកដមែន ។

លោកអធិការ ប្រាប់ឲ្យដឹងទៀតថា ជនសង្សយជាឪពុកចុងប្រើប្រាស់គ្រឿងញៀន ត្រូវបានឈ្មោះ ផុន សុខហាក់ ភេទស្រី អាយុ២៧ឆ្នាំ ជាម្ដាយបង្កើតរបស់ក្មេងរងគ្រោះ និងជាប្រពន្ធជនសង្ស័យ បានមកដាក់ពាក្យបណ្ដឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកសាកសពក្មេងស្រីរងគ្រោះ បានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ សុខ រដ្ឋា ត្រូវបានកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។

សូមជម្រាបថា «មិនទាន់ចប់ទេ ករណីឪពុកចុង អះអាងថា ដួលសង្កត់លើកូនស្រីអាយុ២ឆ្នាំស្លា.ប់ អង្គភាពការពារកុមារ ចុះស៊ើបអង្កេតហើយ» អង្គភាពការពារកុមារ ហៅកាត់ (CPU) កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានចុះធ្វើការស៊ើបអង្កេតទៅលើករណីឃា.តកម្ម ទៅលើកុមារអាយុ ០២ឆ្នាំ នៅក្នុងសង្កាត់ស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ។ តាមការពិនិត្យសាកសពបឋម បានបង្ហាញថា កុមាររងគ្រោះបានរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែង នៅលើដងខ្លួន ។

អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រនៃក្រសួងមហាផ្ទៃ រួមជាមួយលោកវេជ្ជបណ្ឌិត នង សុវណ្ណរតន៍ បានរួមគ្នាធ្វើកោសល្យវិច័យទៅលើសាកសព ដើម្បីបញ្ជាក់អំពីទម្ងន់ នៃស្នាមរបួសមាននៅលើដងខ្លួន ដែលរបួសទាំងនេះហើយ បានបណ្តាលឲ្យកុមារីរងគ្រោះ ទទួលមរណភាព ៕

ដកស្រង់ពី៖កោះសន្តិភាព