បណ្តាញសង្គម

ការប្រើប្រាស់​ឧបករណ៍​នេសាទ ខុសច្បាប់ ឬ​ឧបករណ៍​នេសាទ ប្រភេទ​ក្រឡា​ល្អិត ត្រូវបាន​ប៉ូលិស​ចាប់យក ទៅ​កំទេចចោល

ខេត្តសៀមរាប៖ ការនេសាទ ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ឬឧបករណ៍នេសាទ ប្រភេទក្រឡាល្អិត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី ឆាយ ឆីហ៊ុយ ឋាន: អធិការរង នៃអធិការនគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំនុចខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ដើម្បីចូលរួមរក្សាការពារ ធនធានជលផល ដែលជាស្បៀងបម្រុង សម្រាប់បងប្អូនប្រជានេសាទក្នុងសហគមន៍ និងដោយមានការណែនាំក្រើនរំលឹកពីលោក សូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កំពង់ភ្លុក កម្លាំងសហគមន៍ឃុំកណ្ដែក កម្លាំងប្រជាការពារ និងលោកមេភូមច្រេស បានធ្វើការល្បាត និងដកហូតឧបករណ៍នេសាទខុសច្បាប់ ស្ថិតនៅចំនុច ខាងលិចកោះវ័រព្រេង ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកបន្តថា ជាលទ្ធផល យើងបានធ្វើការដកហូត និងកំទេចចោល នៅនឹងកន្លែង នូវឧបករណ៍នេសាទខុសច្បាប់ រួមមាន បរចំនួន ៣ខ្សែ សរុបប្រវែង ២០០ម៉ែត្រ អ៊ូទូចំនួន ៧ខ្សែ សរុបប្រវែង ៤០០ម៉ែត្រ ចំម្រឹងសរុបចំនួន ៥០០ដើម។

ព្រលែងកូនត្រីចម្រុះប្រមាណ ៥គីឡួក្រាម ចូលបឹងធម្មជាតិវិញ។ លោក បានបន្ថែមទៀតថា យើងត្រូវចូលរួមទាំងអស់គ្នា គិតរួមគ្នា ធ្វើរួមគ្នា ទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួមនៃពលរដ្ឋយើង៕

ដសក្រង់ពី៖កោះសន្តិភាព