បណ្តាញសង្គម

នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងខណ្ឌដូនពេញ បង្ក្រាបចោរឆក់ ជាសិស្សសាលា ២នាក់ ក្រោយធ្វើ សកម្មភាព មុខធនាគារប៊ូយ៉ុង

ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយ កម្លាំងនគរបាល ខណ្ឌដូនពេញ បានបើកប្រត្តិបតិការ ដេញបង្ក្រាប ក្រុមចោរឆក់ពីរនាក់ ជាសិស្សនិងនិស្សិត បានភ្លាមៗ ក្រោយពីពួកគេ បានធ្វើកសម្មភាព កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅធនាគារ ប៊ូយ៉ង តាមបណ្តោយ ផ្លូវព្រះនរោត្តម ក្នុងទឹកដី ខណ្ឌដូនពេញ។

មន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ២នាក់ ជិះម៉ូតូគុបមួយគ្រឿង ដោយបុរសជាអ្នកបើក និងស្ត្រីអង្គុយពីក្រោយ ដោយមានកាបូប ដាក់នៅលើភ្លៅ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពី ត្បូងទៅជើង លុះពេលមកដល់ មុខធនាគារ ប៊ុយ៉ុង ស្រាប់តែលេចមុខ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BT-7318 មកអែបជនរងគ្រោះ ពេលនោះ ជនសង្ស័យ អង្គុយពីក្រោយ បានឆក់យកកាបូប ប៉ុន្តែស្រ្តីរងគ្រោះ បានកន្ត្រាក់កាបូបមកវិញ ធ្វើឲ្យពួកគេទាំងពីរនាក់ ដួលម៉ូតូ ក៏ត្រូវបានប្រជាពលរដ្ឋ និងនគរបាលខណ្ឌដូនពេញ នៅក្បែរនោះ ជួយអន្តរាគម បង្ក្រាប និងឃាត់ខ្លួនបានម្នាក់ ដកហូតម៉ូតូជិះ ធ្វើសកម្មភាព រីឯជនសង្ស័យ ម្នាក់ទៀតរត់គេខ្លួន ។

តាមមន្ត្រីនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ក្រោយពីមានករណី នេះកើតឡើង ការិយាល័យជំនាញបាន សហការជាមួយ កម្លាំងនគរបាល ខណ្ឌដូនពេញ តាមស្រាវជ្រាវ រហូតឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ជាអ្នកឆក់ បាននៅ មុខផ្ទះសំណាក់ យីហោ សូរិយាផ្កាយ៩ តាមបណ្តោយ ផ្លូវលេខ ៨១ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

មន្ត្រីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ វ៉ា វាសនា អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ព្រះស៊ីសុវត្ថ ស្នាក់នៅផ្ទះលេខ 70 E0 ផ្លូវលេខ ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកបើកម៉តូ និងទី២ ឈ្មោះ ម៉ៅ ហេងសម្បត្តិ អាយុ១៨ឆ្នាំ ជានិស្សិតនៅ សកលវិទ្យាល័យ បៀលប្រាយ ស្នាក់នៅផ្ទះលេខ 9 E0 ផ្លូវលេខ២៥៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ជាអ្នកឆក់។

បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ អធិការដ្ឋាន ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដកស្រង់ពី ៖ ដើមអម្ពិល