បណ្តាញសង្គម

នៅខេត្តកំពង់ស្ពឺ ក៏មានចោរឆក់កាបូបដែរ! ប៉ូលិស​ឃាត់​បាន ២​នាក់

កំពង់ស្ពឺ៖ មុខសញ្ញាឆក់តាមដងផ្លូវពីរនាក់ ត្រូវបានជនរងគ្រោះ ជិះម៉ូតូដេញតាម និងស្រែកឱ្យអ្នកដំណើរ ជួយ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់នេះ ឆក់កាបូបរបស់ខ្លួនរួចមក។

ជនសង្ស័យ ជាមុខសញ្ញា ២នាក់នេះ ត្រូវឃាត់បាន នៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់។សមត្ថកិច្ចនគរបាលខេត្ត បានប្រាប់ថា មានករណីចោរឆក់កាបូបដៃ មិនបានសម្រេចមួយករណី នៅលើផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ ៤១-៤២ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ២នាក់នោះ គឺ១.ឈ្មោះ ថា នីន ហៅ ខ្មៅ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិក្រញូង ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកឆក់) ២.ឈ្មោះ ខេម វណ្ណូ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិកណ្តោល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអ្នកបើកម៉ូតូ ម៉ាកនិច ពណ៌ស ស្លាកលេខ ភ្នំពេញ 1FH-0200។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ សំ អរុណ្ណី ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិតាពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានជិះម៉ូតូមកលេងផ្ទះម៉ែ នៅភូមិតានួន ពេលមកដល់ចំណុចកើតហេតុខាងលើ ត្រូវក្រុមជនសង្ស័យ ឆក់យកកាបូបដៃមួយ ហើយជិះម៉ូតូគេចខ្លួន តាមទំនប់តាដែង ទៅកើត ពេលនោះ ជនរងគ្រោះ បានជិះម៉ូតូដេញតាម ហើយស្រែក អោយអ្នកដំណើរតាមផ្លូវជួយ ស្ទាក់ឃាត់។

ប្រភពបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ពោធិ៍ម្រាល សហការជាមួយប្រជាការពារ ស្ទាក់ឃាត់បានជនមុខសញ្ញា ២នាក់នេះ នៅចំណុចភូមិពោធិ៍ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចដកហូតបាន ម៉ូតូ ១គ្រឿង កាបូបដៃចំនួនមួយ ក្នុងកាបូបនោះ មាន៖ ទូរស័ព្ទដៃចំនួន ១គ្រឿង ម៉ាកវីវ៉ូពណ៌ស ប្រាក់ដុល្លារ ចំនួន ១៤០ដុល្លារ ខ្សែជើង ចំនួន ១ខ្សែ ជារបស់ជនរងគ្រោះ។

ចំពោះសម្ភារៈខាងលើ បានប្រគល់ជូនជនរងគ្រោះវិញ គ្រប់ចំនួន ពុំមានការបាត់បង់ឡើយ។ បន្ទាប់ពីសាកសួរធ្វើកំណត់ហេតុរួចរាល់ ជនសង្ស័យទាំង ២នាក់ ត្រូវបានបញ្ជូន មកកាន់ការិយាល័យព្រហ្មទណ្ឌខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព