ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ នៅក្រសួង ការពារជាតិ ពាក់ស័កិ្ត៤ បានផ្ទុះអាវុធ បង្កឲ្យក្មេងប្រុសម្នាក់ រងរបួស នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ នេះ ស្ថិតនៅភូមិ ត្រពាំងអញ្ចាញ៣ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែ ជនបង្ករូបនេះ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួនភ្លាមៗ ផងដែរ ។
អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ឲ្យដឹងថា ពិតជាមាន ករណីផ្ទុះអាវុធ ប្រាកដមែន ដែលបង្កឡើងដោយ មន្រ្តីយោធាម្នាក់ ដោយសារស្រវឹងខ្លាំង ។ តាមលោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា ជនសង្ស័យរូបនេះ ស្រវឹងខ្លាំង សួរមិនទាន់ដឹង ច្បាស់នៅឡើយទេ ហើយនិយាយ ប្រាប់សមត្ថកិច្ចរបស់លោកថា ស្តារកាណុងលេង ។
តាមកាតសម្គាល់ខ្លួន ដែលបង្ហាញដោយ សមត្ថកិច្ចនោះ ជនសង្ស័យរូបនេះ ឈ្មោះ ប៉ុល ពន្លឺ ពាក់ស័កិ្ត៤ នៅក្រសួងការពារជាតិ ។ យោងតាម ប្រពភព័ត៌មាន ចុងក្រោយ ពីសមត្ថកិច្ច បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ ឈ្មោះ តុល ចន្ថា អាយុ ១២ឆ្នាំ ហើយមូលហេតុ ដែលនាំឲ្យ មន្រ្តីយោធារូបនេះ បាញ់១គ្រាប់ ផ្ជុចដី គឺមកពីស្រវឹង ហើយផ្លាតត្រូវ ក្មេងប្រុសរងគ្រោះ តែម្តង ៕
ដកស្រង់ពី ៖ ដើមអម្ពិល