បណ្តាញសង្គម

ភ្ញៀវចាប់រំលោភទាំងបង្ខំលើបុគ្គលិក បម្រើការងារ នៅផ្ទះសំណាក់ និង ម៉ាស្សា យីហោ តារា ច្រកចូលតាមផ្លូវលំ ខាងជើងបុរីកីឡា

ភ្នំពេញ៖ យោងតាម ប្រភពព័ត៌មាន ពីអ្នកដែលទៅ ស្ទីមម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ស្ថិតនៅតាមផ្លូវលំ ខាងជើងបុរីកីឡា សង្កាត់មិត្តភាព ខណ្ឌ៧មករា បានឲ្យដឹងថា មាននារីម៉ាស្សាម្នាក់ ត្រូវបានភ្ញៀវ នៅក្នុងបន្ទប់ ចាប់រំលោភទាំងបង្ខំ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ។

ប្រភព័ត៌មាន ពីបុរសម្នាក់ ដែលសុំមិន បញ្ចេញឈ្មោះ បានឲ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើនេះ ខណៈដែលរូបលោក ចូលទៅស្ទីមម៉ាស្សា ក្នុងហាងខាងលើ ស្រាប់តែឃើញ នារីម៉ាស្សាម្នាក់ រត់ចេញពីបន្ទប់ ដោយយំ សស្រេកសស្រាក់នោះ គឺបណ្តាលមកពី ភ្ញៀវនៅក្នុងបន្ទប់ បានចាប់រំលោភនាង ទាំងបង្ខំ ។ ប្រភពព័ត៌មាន បានបន្តទៀតថា ចំពោះករណី ខាងលើនេះ សូម្បីតែថៅកែហាង ក៏ទទួលស្គាល់ថា ភ្ញៀវរូបនោះ បានចាប់រំលោភ នារីម៉ាស្សា ទាំងបង្ខំ ជាបុគ្គលិករបស់ខ្លួន ទៀតផង ។

សាក្សីដែលមានការ អាណិតអាសូរ ចំពោះនារីរងគ្រោះ ដែលត្រូវគេ ចាប់រំលោភទាំងបង្ខំ ពុំមានការយល់ព្រម ក៏ជួយប្រាប់ ព័ត៌មានទៅកាន់ សមត្ថកិច្ច ឬមន្រ្តីពាក់ព័ន្ធ ជួយរកយុតិ្តធម៌ ឲ្យនារីរងគ្រោះ ដែលទទួលរងការ រំលោភទាំងបង្ខិតបង្ខំ បែបនេះ ។ សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ តូ ម៉ាស់ អាយុ ៣១ឆ្នាំ មានមុខរបរ លក់ស្បែកជើងនៅ ផ្សារធំថ្មី រស់នៅសង្កាត់ ទឹកល្អក់ទី៣ ខណ្ឌ៧មករា ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានហើយ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ ។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបាន ចូលទៅម៉ាស្សា នៅផ្ទះសំណាក់ និងម៉ាស្សា យីហោ តារា ហើយត្រូវបានស្រ្តី ជាបុគ្គលិកធ្វើការ ទីនោះចោទថា ចាប់រំលោភនាងទាំងបង្ខំ ។ ក្រោយពីសមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយថា មិនបានចាប់រំលោភ នាងនោះទេ ៕

ដកស្រង់ពី ៖ ដើមអម្ពិល