បណ្តាញសង្គម

ឆេះ​ផ្ទះ​ចាក់សោរ​ពី​ក្រៅ​គាស់​ទ្វារ​ចូល​ឃើញ​បុរស​ម្នាក់​ដេកស្លាប់​

បុរសម្នាក់បានបាត់បង់អាយុជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះ នៅវេលាម៉ោង១ និង៤០នាទី ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុស្ថិតនៅផ្ទះលេខ១៥៩E២z ជាន់ទី២ ស្ថិតនៅពីលើប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បណ្តោយផ្លូវ១៦៩ ស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បុរសចំណាស់ដែលបានស្លាប់នៅក្នុងបន្ទប់កើតហេតុខាងលើ មានអាយុ៧៣ឆ្នាំ សាកសពត្រូវបានប្រទះឃើញនៅក្បែរទ្វារទៅកាន់ រានហាលក្រោយផ្ទះ ភិនភាគពាក់អាវស ស្លៀកខោពណ៌ទឹកប៊ិច ស្លាប់ក្នុងសភាពក្តាប់ដៃ ។ ផ្ទះដែលឆេះធ្វើពីថ្មបេតុង ទំហំ៤ម៉ែត្រx១២ម៉ែត្រ។ មូលហេតុនៃការឆាប់ឆេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្ត ធ្វើការស្រាវជ្រាវ ចំណែកទីតាំងឆាបឆេះជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ៤ម៉ែត្រ គុណនិង១២ម៉ែត្រ ខូចខាតសម្ភារៈទាំងស្រុង។ គួរបញ្ជាក់ផងដែរថា៖ ភ្នាក់ងារអន្តរាគមន៍បង្ការ និងពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់១២ម៉ែត្រគូប ដោយធ្វើការបាញ់ពន្លត់ ឲ្យរលត់នៅម៉ោង២និង៤០នាទីរំលងអធ្រាត្រថ្ងៃដដែល៕

ដកស្រង់ពី៖ រស្មីកម្ពុជា