បណ្តាញសង្គម

បើក​ម៉ូតូ​លឿន​ពេក ត្រូវ​រថយន្ត​កៀរ បណ្ដាល​ឲ្យ​ដួល ចូល​ក្រោម​កង់​រថយន្ត មួយគ្រឿង​ទៀត កិន​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត រងរបួស​

បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសស្រាល ខណៈពេល បើកម៉ូតូ ក្នុងល្បឿនលឿន ត្រូវរថយន្ត មិនចាំម៉ាកមួយគ្រឿង កៀរដួលខ្ទាត ចូលក្រោមកង់រថយន្ត មួយគ្រឿងទៀត។

ចំណែករថយន្តបង្ក បានបន្តដំណើរ គេចខ្លួនបាត់ទៅ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៨ យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៨ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ គក ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាកម្មករបោចរោមមាន់ បច្ចុប្បន្ន ស្នាក់នៅក្មុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្សុ៊យគី ឡេត ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CK -1932 បើកបរដោយ បុរសម្នាក់ និងមានអ្នករួមដំណើរ ដោយបុរសម្នាក់ទៀត ធ្វើដំណើរក្នុងទិសដៅ ពីខាងកើត ទៅខាងលិច ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿង មិនចាំម៉ាក បើកបញ្ច្រាសទិសគ្នា ពីខាងកើត ទៅខាងលិច មកកៀរម៉ូតូនេះ បណ្តាលឲ្យដួលខ្ទាត ចូលទៅក្រោមកង់រថយន្ត មួយគ្រឿងទៀត ម៉ាក LEXUS RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA- 0607 ដែលធ្វើដំណើរមកពីក្រោយ រថយន្តបង្កហេតុ បណ្ដាលឲ្យកិនស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ចំណែកម្នាក់ទៀត រងរបួសស្រាល ហើយរថយន្តបង្ក បានបន្តដំណើរទៅមុខទៀត បាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ រួចឃាត់ខ្លួនតៃកុងរថយន្ត LEXUS RX 400h យកទៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរបន្ត រួចក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ មកវាស់វែង យករថយន្ត និងម៉ូតូជនរងគ្រោះ ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ តាមផ្លូវច្បាប់៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា