បណ្តាញសង្គម

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករចំនួន១៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

កម្លាំងសមត្ថកិច្ចចម្រុះព្រំដែនកម្ពុជា បានបង្ក្រាបករណីលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករប្រុសស្រីចំនួន១៤នាក់។

ប្រតិបត្តិការបង្ក្រាបបទល្មើសលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងនាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចច្រកទ្វារព្រំដែនអូររំដួល ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ មេខ្យល់ដែលកម្លាំងចម្រុះឃាត់ខ្លួនបានមានឈ្មោះ រ៉េន សុគន់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។ បើតាមកម្លាំងព្រំដែនកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យជាមេខ្យល់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក បញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តតាមច្បាប់។ ចំណែកឯប្រជាពលរដ្ឋរងគ្រោះ ត្រុវបានអប់រំណែនាំ និងតម្រូវឱ្យកិច្ចសន្យាបញ្ឈប់ ព្រមទាំងឱ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

ដកស្រង់ពី៖ FreshNews