បណ្តាញសង្គម

នគរបាលឃាត់ខ្លួនយុវជន២នាក់ ក្រោយជិះម៉ូតូនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ

យុវជន២នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញឃាត់ខ្លួន បន្ទាប់បានធ្វើសកម្មភាពជិះម៉ូតូនាំមុខរថយន្ដសង្គ្រោះបន្ទាន់ ដែលជារថយន្ដមានអាទិភាព នាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ។

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ ការឃាត់ខ្លួនយុវជនទាំង២នាក់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ២ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន២គ្រឿង ម៉ូតូម៉ាក Honda Scoopy ពណ៌ស ឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ 1IE-1708 (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ អាយុ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅផ្ទះលេខ ៧១១C ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងមួយគ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GL-2827 (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ការងារចាប់ខ្លួនក្រុមអ្នកជិះម៉ូតូបើកមុខរថយន្ដសង្គ្រោះបន្ទាន់នេះ នឹងបន្ដអនុវត្តជាប្រចាំ ដោយអនុវត្តតាមបទបញ្ជារបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកបានអះអាងថា សម្រាប់រថយន្ដសង្គ្រោះបន្ទាន់ គឺជារថយន្ដដែលមានអាទិភាពស្រាប់ទៅហើយ ដូច្នេះការជិះម៉ូតូបើកនាំមុខរថយន្ដសង្គ្រោះបន្ទាន់បែបនេះ គឺអាចបង្កគ្រោះថ្នាក់ដទៃបានគ្រប់ពេល ហើយមួយវិញទៀត អាចធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់ជាយថាហេតុផងដែរ៕

ដកស្រង់ពី៖ FreshNews