បណ្តាញសង្គម

ស្នងការនគរបាលខេត្តតាកែវ ចាត់ក្រុមការងារយកអំណោយជូនគ្រួសារសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ និងរបួស៧នាក់ នៅស្រុកដងទង់

ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចាត់ឲ្យក្រុមការងារនាំយកអំណោយមួយចំនួនជូនដល់ក្រុមគ្រួសារសពដែលបាបជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតចំនួន៤នាក់ និងរបួសស្រាល និងធ្ងន់៣នាក់ទៀត កាលពីថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២១កន្លងទៅ។

តំណាងស្នងការនគរបាលខេត្តតាកែវ គឺលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានដឹកនាំកងកម្លាំង និងក្រុមការងារនាំយកអំណោយជារទេះរុញថ្មីមួយគ្រឿង និងទឹកប្រាក់ចំនួន៧០ម៉ឺនរៀល ជូនដល់លោកយាយ សឹន យឿន ជន្មាយុ៧០ ដែលត្រូវជាម្តាយ និងជីដូនគ្រួសារនៃសព នៅគេហដ្ឋានក្នុងភូមិអន្លង់វែង ឃុំត្រពាំងរាំង ស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងជាពិសេសគឺលោកស្នងការនគរបាលខេត្តតាកែវ ជូនដល់ក្រុមគ្រួសារសព ដោយមានការសោកស្ដាយយ៉ាងក្រៃលែង ចំពោះការបាត់បង់សាច់ញាតិ ដែលត្រូវជាកូន និងចៅនាពេលកន្លងមកនេះ។

ជាមួយគ្នានេះ លោកក៏បានផ្ដាំផ្ញើដល់ពួកគាត់ ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរធ្វើដំណើរលើដងផ្លូវ ដោយគោរពខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់អធ្យាស្រ័យ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។ បន្ថែមពីនេះទៀត លោកអធិការនគរបាលស្រុកបាទី ក៏បានអំពាវនាវដល់ពួកគាត់ ត្រូវយកចិត្តទុកដាក់ អនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារខ្លួន ដើម្បីគេចផុតពីការរងគ្រោះដោយសារមេរោគកូវីដ ១៩ ដែលកំពុងតែរីករាលយ៉ាងខ្លាំងសព្វថ្ងៃនេះ។ ជាមួយគ្នានោះដែរ លោកយាយ សឹន យឿន បានសម្ដែងនូវអំណរគុណជាពន្លឹកជូនដល់ក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូរដល់សុខទុក្ខ ការលំបាករបស់ពួកគាត់៕

ដកស្រង់ពី៖ FreshNews